ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
នៅថ្ងៃនេះ គឺជាថ្ងៃទីដប់ប្រាំបីនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណបក្សនយោបាយ។ ជាក់ស្តែង ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានបិទខិតបណ្ណផ្សព្វផ្សាយតាមជញ្ជាំងផ្ទះ និងចូលតាមខ្នងផ្ទះពលរដ្ឋ ណែនាំ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត បន្ថែមពីលើសកម្មភាពជួបជុំសមាជិក សមាជិកា ដែលមានរថយន្ត ម៉ូតូកង់បី និងម៉ូតូ ហែក្បួនឃោសនា នៅតាមផ្លូវនានា។
នេះជាសកម្មភាពចុះឃោសនាតាមខ្នងផ្ទះរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ការឃោសនាតាមខ្នងផ្ទះនេះ ធ្វើឡើងបន្ថែមពីលើសកម្មភាពជួបជុំសមាជិក សមាជិកា ដែលមានរថយន្ត ម៉ូតូកង់បី និងម៉ូតូ ហែក្បួនឃោសនានៅតាមមហាវិថី និងផ្លូវនានា។ ក្រុមការងារគណបក្សបានបិទខិតបណ្ណផ្សព្វផ្សាយតាមជញ្ជាំងផ្ទះ និងចូលតាមខ្នងផ្ទះនីមួយៗ ណែនាំនិងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតផងដែរ។
គួររម្លឹកថា នៅក្នុងសកម្មភាព ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សប្រជាជនកម្ពុជា ក៏មានបង្ហាញចំណុចស្នូលចំនួន៨ ដែលនឹងត្រូវបន្តយកចិត្តទុកដាក់សម្រាប់អាណត្តិថ្មី ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍ប្រជាពលរដ្ឋ ។
ក្នុងនោះរួមមាន ១.ថែរក្សា ការពារសន្តិភាព, ២.ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព, ៣.បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ, ៤.បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាម កញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានា, ៥.លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ៦.បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,៧.លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និង៨.ពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍តាមច្បាប់ជាធរមាន ។
គួរបញ្ជាក់ថា នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី២១ កក្កដា ជាថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ។ នៅថ្ងៃបិទយុទ្ធនាការឃោសនានោះ នឹងមានការជួបជុំសមាជិក សមាជិកាគណបក្ស នៅមជ្ឈមណ្ឌលពិព័រណ៌និងសន្និបាតកោពេជ្រ រួចដង្ហែក្បួនចូលមកក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់នៅបឹងកក់ ដែលមានតម្រាយផ្លូវប្រវែងជាង ៩គីឡូម៉ែត្រ៕
អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ញិល សុជា