ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
យោងតាមនាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានឱ្យដឹងថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម បានធ្លាក់ចុះ ២៨% មកនៅត្រឹមជិត ៣ពាន់ ៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
សមាគមអ្នកនាំចេញ និងកែច្នៃគ្រឿងសមុទ្រវៀតណាម បានបញ្ជាក់ថា ការនាំចេញបង្គាវៀតណាម បានធ្លាក់ចុះទាំងបរិមាណ និងតម្លៃ ដោយសារតែតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារធំៗ និងការប្រកួតប្រជែងកាន់តែខ្លាំងពី ប្រទេសអេក្វាឌ័រ និងឥណ្ឌា។
យោងតាមអ្នកជំនាញ ការនាំចេញអាហារសមុទ្រ នឹងកើនឡើងនៅក្នុងឆមាសទី ២ ឆ្នាំ ២០២៣នេះ ដោយសារតែ តម្រូវការកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងនីតិវិធីកាន់តែរលូនសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។
មានការលើកឡើងថា ទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារអាហារសមុទ្រធំទី ២ របស់វៀតណាមបន្ទាប់ពីប្រទេសជប៉ុន នឹងងើបឡើងវិញនៅឆមាសទី ២ នៃឆ្នាំនេះ ដោយសារអតិផរណាថមថយ និងតម្រូវការខ្ពស់ក្នុងអំឡុងវិស្សមកាលចុងឆ្នាំ ដែលនឹងជួយដល់ ការនាំចេញអាហារសមុទ្ររបស់វៀតណាម ទៅសហរដ្ឋអាមេរិក។ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ដែលជាទីផ្សារមានស្ថិរភាព ដោយសារជនជាតិអឺរ៉ុប ចូលចិត្តត្រីរបស់វៀតណាមដែលមានតម្លៃសមរម្យ ចំពេលមានអតិផរណាខ្ពស់នៅអឺរ៉ុប។
ដោយឡែក ទីផ្សារចិន ត្រូវបានគេរំពឹងថា នឹងកើនឡើងជាលំដាប់ម្តងទៀតនៅរដូវក្តៅនេះ និងខែបន្ទាប់។ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអះអាងថា ខ្លួននឹងធ្វើការជាមួយភាគីចិន សម្រាប់ការនាំចេញអាហារសមុទ្រ និងផ្លែឈើរបស់វៀតណាម ដោយរលូនទៅកាន់ ប្រទេសចិន រួមទាំងគ្រឿងសមុទ្ររស់ តាមរយៈច្រកព្រំដែននៃខេត្តយូណានផងដែរ។
សូមជម្រាបថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម កាលពីឆ្នាំមុន បានកើនឡើង ២៣% ដល់ ១១ពាន់លានដុល្លារអាមេរិក ដែលនាំមុខដោយបង្គា ត្រីប្រា និងត្រីធូណា ខណៈទីផ្សារនាំចេញអាហារសមុទ្រធំជាងគេគឺ សហរដ្ឋអាមេរិក ជប៉ុន ចិន និងសហភាពអឺរ៉ុប៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ