ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ត្វត្រកួតយក្ស១ក្បាលដែលមានអាយុដប់ឆ្នាំជាសត្វថ្មីបំផុតដែលត្រូវគេយកទៅរស់នៅក្នុងសួនសត្វទីក្រុងឡុង ប្រទេសអង់គ្លេស។ នេះបើយោងតាមការជូនដំណឹងរបស់សមាគមសួនសត្វប្រចាំទីក្រុងឡុងប្រកាសឲ្យដឹងកាលពីថ្ងៃពុធ។ គេដាក់ឈ្មោះវាថាម៉ាដឺ.អោហ្វដ្រាហ្គឹន (Mother of Dragons) ដូចតួអង្គនៅក្នុងរឿងហ្គេមអោហ្វស្រូន (Game of Thrones)។
សត្វត្រកួតយក្សនេះអាចធុំក្លិនចំណីអាហាររបស់វាដែលស្ថិតនៅចម្ងាយ៤គីឡូម៉ែត្រ។ សត្វត្រកួតដែលមានប្រវែងមួយម៉ែត្រកន្លះ ត្រូវគេដឹកជញ្ជូនពីសួនសត្វមួយនៅតំបន់ឌីវ៉ុន (Devon) ប្រទេសអង់គ្លេស, ហើយដឹកទៅកាន់ទីក្រុងឡុងកាលពីដើមខែឧសភា។
នេះជាផ្នែក១នៃកម្មវិធីបង្កាត់ពូជសត្វដែលជិតផុតពូជ។ សព្វថ្ងៃនេះ, វាកំពុងរស់នៅទីតាំង១នៃសួនសត្វទីក្រុងឡុង ដែលបំពាក់ឧបករណ៍ត្រួតពិនិត្យមើលសីតុណ្ហភាព និងបង្កើតលក្ខខណ្ឌរស់នៅដូចស្ថានភាពនៅលើកោះ១នៃប្រទេសឥណ្ឌូណេស៊ីដែលមានសត្វត្រកួតរស់នៅច្រើន។
ត្រកួតនៅទីនោះឈ្មោះតាមកោះកូម៉ូដូ (Komodo) ប្រទេសឥណ្ឌូណេស៊ី និងជាត្រកួតយក្សធំជាងគេនៅក្នុងពិភពលោក។ សត្វត្រកួតទាំងនោះមានលក្ខណៈពិសេសម៉្យាង។
ពួកវាអាចបង្កើតកូនដោយមិនចាំបាច់មានត្រកួតឈ្មោល។ សត្វត្រកួតទាំងនេះធ្វើដំណើរចល័តនៅលើភពផែនដីអស់រយៈពេលរាប់លានឆ្នាំមកហើយ។ ប៉ុន្តែកាលពីឆ្នាំ២០២១, ត្រកួតយក្សកូម៉ូដូត្រូវបានអង្គការអភិរក្សសត្វព្រៃចាត់បញ្ចូលទៅក្នុងបញ្ជីសត្វដែលជិតផុតពូជ។
គេប៉ាន់ស្មានថាត្រកួតប្រភេទនេះនៅសេសសល់ជាង១ពាន់ ៤រយក្បាល។ ក្រុមអ្នកអភិរក្សសត្វព្រៃកំពុងធ្វើការយ៉ាងដុតដៃដុតជើងដើម្បីការពារសត្វត្រកួតយក្សដែលមានប្រភពដើមនៅប្រទេសឥណ្ឌូណេស៊ី។ ពួកគេស្នើសុំឲ្យក្រុមហ៊ុនដែលធ្វើការលើផ្នែកដំណាំដូងប្រេង គួរតែគ្រប់គ្រងសត្វព្រៃឲ្យបានល្អ នៅពេលពួកគេទៅវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍៕
ប្រែសម្រួល៖ អន សំអាង