ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥

កែវ ស្រីលីន មិនទាន់ឡើងឆាកប្រកួតស្រួលបួលផងត្រូវស្ថាប័ន MGC ប្រកាសដកចេញពីបេក្ខភាពតំណាងខេត្ត កំពត ដ៏គួរអោយភ្ញាក់ផ្អើល!

០៩ មិថុនា ២០២៣ | កម្សាន្ដ

 

 

បេក្ខភាព Miss Grand Cambodia 2023 កែវ ស្រីលីន នៅមិនទាន់ឡើងឆាកសំខាន់ៗផង ស្រាប់តែស្ថាប័ន នេះប្រកាសដកនាងចេញពីបេក្ខភាពតំណាងខេត្ត កំពត ដោយសារបញ្ហាធំពីរ ។បវរកញ្ញា កែវ ស្រីលីន ត្រូវស្ថាប័ន Miss Grand Cambodia ប្រកាសដកបេក្ខភាពតំណាងអោយខេត្ត កំពត គួរអោយភ្ញាក់ផ្អើលក្រោមហេតុផលសំខាន់២យ៉ាង។

 

 

នៅថ្ងៃស្អែកនេះនឹងមានបង្ហាញវិដេអូណែនាំខ្លួនរបស់បេក្ខភាព Miss Grand Cambodia 2023 ទាំង ២៥ រូបជាផ្លូវការហើយ បន្ទាប់ពីពួកគេបានហ្វឹតហាត់អស់មួយរយៈពេលមក ប៉ុន្តេអ្វីគួរឱ្យចាប់អារម្មណ៍នោះ ស្រាប់តែនៅសុខៗស្ថាប័ន Miss Grand Cambodia បានប្រកាសដកសិទ្ធបេក្ខភាព Miss Grand Cambodia កែវ ស្រីលីន តំណាងខេត្ត កំពត ចេញមិនឱ្យចូលរួមប្រកួត។

 


កញ្ញា កែវ ស្រីលីន គឺជាបេក្ខភាពលេចធ្លោមួយរូបក្នុងចំណោមបេក្ខភាព Miss Grand Cambodia 2023 ទាំង ២៥ រូប ហើយរូបនាងត្រូវបានគេរំពឹងថា អាចនឹងឈានដល់វគ្គ Top ចុងក្រោយផងដែរ ពីព្រោះនាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពខ្ពស់ក្នុងការដើរម៉ូដ និងមានឈ្មោះល្បីក្នុងវិស័យសិល្បៈផងដែរ ។

 

 

ស្របពេលដែលត្រៀមខ្លួននឹងបង្ហាញមុខក្នុងវិដេអូណែនាំខ្លួនជាផ្លូវការនៅថ្ងៃស្អែកនេះស្រាប់តែ នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងមកនេះ ស្ថាប័ន Miss Grand Cambodia បានបង្ហោះសារដ៏ភ្ញាក់ផ្អើលមួយដោយរៀបរាប់នៅលើផេកផ្លូវការរបស់ខ្លួន ថា « ជាដំបូងស្ថាប័នយើងខ្ញុំសូមអភ័យទោសដល់ទស្សនិកជន ខាងស្ថាប័នយើងខ្ញុំពិតជាមិនចង់អោយមានបញ្ហាកើតឡើងឡើយ ប៉ុន្តែក្រោយពីទុកឱកាសដល់កញ្ញាច្រើនដង ប៉ុន្តែនៅតែមិនមានការកែប្រែ ស្ថាប័នយើងខ្ញុំខ្លាចមានបញ្ហាដល់ពេលប្រឡងថ្ងៃខាងមុខ យើងសូមប្រកាសដកកញ្ញាពី Miss Grand Cambodia តំណាងខេត្ត កំពត ជាផ្លូវការតែម្តង ។ បញ្ជាក់យើងនឹងប្រកាសបេក្ខភាពដែលមកតំណាងខេត្តកំពត ក្នុងពេលឆាប់ៗនេះ » ។

 

 

មិនត្រឹមតែបង្ហាញពីការដកសិទ្ធិបេក្ខភាព Miss Grand Cambodia 2023 កញ្ញា កែវ ស្រីលីន ចេញពីការប្រកួតនោះទេ ស្ថាប័ននេះថែមទាំងបានបញ្ជាក់ពីមូលហេតុធំពីរដែលធ្វើឱ្យគេសម្រេចចិត្តដកបេក្ខភាពរូបនេះ ។ មូលហេតុទី ១ គឺដោយសារកញ្ញា កែវ ស្រីលីន មិនគោរពគោលការណ៍ និង លក្ខខណ្ឌកុងត្រាក្រុមហ៊ុន ។ និងមូលហេតុទី ២ គឺដោយសារកញ្ញា កែវ ស្រីលីន មិនគោរពពេលវេលា ពិបាកក្នុងការទំនាក់ទំនង ស្ថាប័ន Miss Grand Cambodia នឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងក្នុងកុងត្រា ។

 

កញ្ញា កែវ ស្រីលីន នៅពុំទាន់មានប្រកតិកម្មឬឆ្លើយតបអ្វីនៅឡើយទេ បន្ទាប់ពីស្ថាប័ន Miss Grand Cambodia ប្រកាសដកសិទ្ធនាងចេញពីការប្រកួត ប៉ុន្តែរឿងនេះពិតជាធ្វើឱ្យមានការរង្គោះរង្គើរវិស័យបវរកញ្ញាយ៉ាងខ្លាំង ។  ស្ថាប័ន Miss Grand Cambodia នឹងប្រកាសបេក្ខភាពថ្មីតំណាងខេត្ត កំពត ជំនួសកញ្ញា កែវ ស្រីលីន ក្នុងពេលឆាប់ៗនេះ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025