ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

កុមារី អ៊ែលសា កាន់តែលេចធ្លោខ្លាំង ឆ្ពោះទៅដណ្តើមជយលាភី Mini Miss Cambodia នាពេលឆាប់ៗនេះ!

០៧ មិថុនា ២០២៣ | កម្សាន្ដ

 

តារាម៉ូដែលវ័យក្មេងពេញដោយសមត្ថភាព អែលសា មើលទៅកាន់តែលេចធ្លោ និងមានសក្កានុពលខ្លាំង ឆ្ពោះទៅដណ្តើមជយលាភី Mini Miss Cambodia នាពេលឆាប់ៗខាងមុខនេះ។​​ ​កុមារី អែលសា ជាតារាម៉ូដែលវ័យក្មេងម្នាក់ពេញដោយសមត្ថភាព និងទេពកោសល្យក្នុងការដើរបង្ហាញម៉ូដ ដោយញឹកញាប់គេរមែងឃើញវត្តមានកុមារីរូបនេះដើរបង្ហាញម៉ូដក្នុងកម្មវិធី Fashion show ធំៗរបស់អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ Catwalk លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់។ 

 

មិនត្រឹមតែមានសមត្ថភាពខ្ពស់លើការដើរបង្ហាញម៉ូដប៉ុណ្ណោះទេ កុមារី អែលសា លីន រូបនេះថែមទាំងមានសមត្ថភាពច្រៀង និងអាចលេងឧបករណ៍តន្ត្រីសម័យទំនើបបានល្អទៀតផង ដោយនាងទទួលការបណ្តុះបណ្តាលផ្នែកតន្រ្តីពីសាលា ស្រណោះតន្ត្រី ជាសាលាតន្រ្តីដ៏ល្បីមួយនៅកម្ពុជា។​​  កន្លងមក អែលសា ធ្លាប់ទទួលបានពាក្យសរសើរជាច្រើនពីលោកគ្រូថា ជាក្មេងដែលមានភាពចាស់ទុំ ថ្លៃថ្នូរ ស្រស់ស្អាត និងយល់ពីការងារ បើទោះនៅវ័យកុមារក៏ពិតមែន តែ អ៊ែលសា ធ្វើបានល្អគ្មានទាស់ត្រង់ណាឡើយ ទើបនាងទទួលបានឱកាសធំៗជាបន្តបន្ទាប់បែបនេះ។ 

 

 

តាមការបង្ហើបឱ្យដឹង តារាម៉ូដែលវ័យក្មេងរូបនេះអាចនឹងត្រូវជ្រើសរើសឱ្យចូលរួមដើរបង្ហាញម៉ូដកម្មវិធី International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ប៉ុន្តែព័ត៌មានច្បាស់ការបែបណានោះត្រូវរង់ចាំការបញ្ជាក់ពីអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ជាមុនសិន។ 

 

 

បច្ចុប្បន្ន កុមារី អែលសា កំពុងប្រកួតប្រជែងក្នុងកម្មវិធី Miss Preteen International Cambodia ក្នុង Title «Mini Miss Cambodia» លេខសម្គាល់ខ្លួនកុមារីរូបនេះគឺ LMC 19។ តាមដែលដឹងមក ពេលនេះ អែលសា បានជាប់ក្នុងវគ្គដំបូងហើយ ត្រៀមឆ្ពោះទៅការប្រកួតជុំបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ខណៈការប្រកួតមើលទៅកាន់តែមានភាពស្វិតស្វាញ ក្មេងស្រីរូបស្រស់កូនកាត់តៃវ៉ាន់ អែលសា កាន់តែបង្ហាញឱ្យឃើញសក្កានុពល និងភាពលេចធ្លោខ្លាំងរបស់ខ្លួន ក្រោយលេចមុខដើរបង្ហាញម៉ូដឱ្យម៉ាក់ប្រ៊េន KALKIN SPRING/ SUMMER COLLECTION 2023 កាលពីពេលថ្មីៗកន្លងទៅនេះ។ 

 

 

ម៉ូដែលវ័យក្មេងរូបនេះ ត្រូវអ្នកចូលរួម និងហ្វេនផេកគាំទ្រវិស័យ Beauty Pageant ធំៗពោលសរសើរមិនដាច់ពីមាត់ លើសមត្ថភាពការដើរ ការលេងទឹកមុខពេលថតរូប និងមានភាពក្លាហានក្នុងការប្រកួតប្រជែងថែមទៀតផង។ កុមារីរូបនេះមានជំជឿចិត្ត និងភាពជឿជាក់លើខ្លួនឯងគ្រប់ពេលដើរបង្ហាញ និងអំឡុងពេលប្រកួតប្រជែងលើឆាកជាមួយបេក្ខភាពផ្សេងៗទៀត។

 

 

សូមជម្រាបថា កុមារី អែលសា លីន មានឈ្មោះពិតថា លីន យានយាន ជាកូនកាត់តៃវ៉ាន់ អាយុ ៨ឆ្នាំ។ សព្វថ្ងៃកុមារីរូបនេះ ជាសិស្សថ្នាក់ទី៣ នៅសាលា Southbridge International School និងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ ក្រៅពីប្រកួតកម្មវិធី Miss Preteen International Cambodia ក្នុង Title «Mini Miss Cambodia» អែលសា ក៏បានដាក់ពាក្យប្រកួតតន្រ្តីផ្នែក ព្យាណូ ផងដែរ ប្រសិនបើអាចជាប់ជុំដំបូងកុមារីរូបនេះ នឹងមានឱកាសចេញទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីទៀតផង។ ចង់ដឹងកាន់តែច្បាស់ពីសមត្ថភាពរបស់តារាម៉ូដែលវ័យក្មេង អែលសា ពូកែប៉ុណ្ណានោះ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់ កុមារី អែលសា ក្នុងកម្មវិធី Miss Preteen International Cambodia ក្នុងវគ្គបន្ទាប់នាពេលឆាប់ៗនេះ!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025