ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
សហរដ្ឋអាមេរិក បានស្នើឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រ(២មិថុនា) ដើម្បីពិភាក្សាពីករណីកូរ៉េខាងជើងបាញ់ផ្កាយរណបនៅសប្តាហ៍នេះ។ យោងអ្នកនាំពាក្យបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
ប្រទេសកូរ៉េខាងជើង បានបាញ់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួននៅថ្ងៃពុធ ប៉ុន្តែត្រូវបញ្ចប់ទៅដោយបរាជ័យធ្លាក់ទៅក្នុងសមុទ្រ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសចំពោះការបាញ់ផ្កាយរណប ដោយនិយាយថា ប្រទេសកូរ៉េខាងជើង បានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបលីស្ទីកល្មើសទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបង្កហានិភ័យអស្ថិរភាពស្ថានភាពសន្តិសុខនៅក្នុងតំបន់និងពិភពលោក។
លោក Nate Evans អ្នកនាំពាក្យបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំចំហរមួយលើបញ្ហាកូរ៉េខាងជើងបាញ់ផ្កាយរណបចារកម្ម។
មន្ត្រីទូតអង្គការសហប្រជាជាតិដទៃទៀត បាននិយាយថា ការអំពាវនាវនេះក៏បានធ្វើឡើងផងដែរពីសំណាក់ ប្រទេសអាល់បានី ប្រទេសអេក្វាឌ័រ ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសម៉ាល់តា និងប្រទេសអង់គ្លេស។
ក្រោយកូរ៉េខាងជើងបាញ់ផ្កាយរណបចារកម្មបរាជ័យ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកKim Jong Unមេដឹកនាំកូរ៉េខាងជើង លោកស្រីKim Yo Jong បាននិយាយថា ផ្កាយរណបចារកម្មយោធារបស់ប្រទេសកូរ៉េខាងជើងនឹងចូលទៅកាន់គន្លងតារាវិថី នៅក្នុងពេលឆាប់ៗនេះ និងបានសន្យាថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងបង្កើនការឃ្លាំមើលយោធា។ យោងសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA រាយការណ៍នៅថ្ងៃព្រហស្បតិ៍។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ចំពោះការបាញ់ផ្សេងៗរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដោយប្រើប្រាស់បច្ចេកវិទ្យា មីស៊ីលបលីស្ទីក គឺល្មើសនិងសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រែសម្រួល៖ណាវ័ន្ត