ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ការប្រកួតបាល់ទាត់វិលជុំ កុមារ និង យុវជន AIA - ISF Youth League ប្រចាំរាជធានីភ្នំពេញ បានបិតបញ្ចប់ហើយកាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពី កីឡាករកីឡាការនីសរុបចំនួន ១៨០នាក់ ដែលមកពី១២ក្រុម ទៅតាមប្រភេទ អាយុផ្សេងៗដូចជា៖ កុមារាកុមារីអាយុក្រោម ១០ឆ្នាំ, កុមារាកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុ ក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើមនឹងមកជួបជុំគ្នាប្រកួតប្រជែងដណ្តើមយកជ័យលាភី លេខមួយ និងលេខពីរ ។
ចំពោះក្រុមជ័យលាភីនៃការប្រកួតបាល់ទាត់ AIA ISF Youth League ប្រចាំរាជធានីភ្នំពេញ នឹង ត្រៀមជួបក្រុមជ័យលាភីប្រចាំខេត្តកំពង់ធំ នាដើមខែក្រោយ ដែលជាការប្រជែងដណ្តើមយកពានរង្វាន់មួយទៀត ដែលមានឈ្មោះថា AIA ISF Grand Championship ។
ដោយឡែក តំណាង អេ អាយ អេ ខេមបូឌា អោយដឹងដែរថា តាមរយៈការចូលរួមឧបត្ថម្ភ ដល់ការប្រកួតបាល់ទាត់ កុមារ និង យុវជន AIA-ISF Youth League ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា គឺជាការជួយលើកស្ទួយកុមារ ដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់នៅកម្ពុជា ។
តំណាងខាងលើបានបន្តថា ជាងនេះទៀត សោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និង ជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបាន ការអប់រំ ដែលពួកគេសមនឹងទទួលបាន ។
សូមបញ្ជាក់ថា ក្រុមជ័យលាភីប្រចាំរាជធានីភ្នំពេញ និង ក្រុមជ័យលាភីខេត្តកំពង់ធំ នឹងចូលរួមប្រកួតក្នុងការប្រកួត បាល់ទាត់វិលជុំកុមារ និង យុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី ០៤ ខែ មិថុនា ខាងមុខនេះ នៅកីឡដ្ឋាន AIA KMH Park ៕
អត្ថបទដោយ៖ សារ៉ាន ទីងី