ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ត្រៀមៗ! CIFF លើកទី១២ នឹងចាក់បញ្ចាំងភាពយន្តជាង១៤០រឿង មកពីប្រទេស៣៤ ដោយឥតគិតថ្លៃ តាមរោងភាពយន្តទំនើប និងទីតាំងផ្សេងៗជាច្រើន

២៩ ឧសភា ២០២៣ | កម្សាន្ដ

 

ត្រៀមហើយឬនៅ! ប៉ុន្មានថ្ងៃទៀត មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នឹងចាប់ផ្តើមហើយ ឆ្នាំនេះមានភាពយន្តដល់ទៅជាង១៤០រឿងមកពីប្រទេស៣៤ ត្រៀមចាក់បញ្ចំាងដោយឥតគិតថ្លៃតាមរោងភាពយន្តទំនើប និងទីតាំងផ្សេងៗជាច្រើន។ មិនតែប៉ុណ្ណោះ CIFF លើកទី១២ បានបង្កើតកម្មវិធី ភូមិភាពយន្ត និង រាត្រីព្រឺព្រួច ដែលប្រមូលផ្តុំទៅដោយការចាក់បញ្ជាំងភាពយន្តភ័យរន្ធត់ចាប់ពីពេលល្ងាចទល់ភ្លឺ។

 


មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (12th CIFF) បានកំពុងត្រឡប់មកវិញហើយ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ CIFF លើកទី១២ នាំមកនូវភាពយន្តចម្រុះប្រភេទមកធ្វើចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ នៅតាមបណ្តារោងភាពយន្តធំៗ និងទីកន្លែងពិសេសៗមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ ដែលក្នុងនោះមានដូចជា រោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័ស៊ីនេភ្លិច, វិទ្យាស្ថានបារាំង, មជ្ឈមណ្ឌលបុប្ផាណា, សណ្ឋាគាររ៉ូសវូដភ្នំពេញ និងស៊ីណេហាប់។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នឹងបង្ហាញភាពយន្តមកពី៣៤ប្រទេស សរុបចំនួន១៤៤ភាពយន្ត បូករួមជាមួយភាពយន្តខ្លីៗ និងខ្សែភាពយន្តខ្នាតវែង, ភាពយន្តឯកសារ និងគំនូរជីវចលថែមទៀតផង។

 


ពិសេសជាងឆ្នាំមុនៗ តារាហូលីវូដលោក Matt Dillon ក៏នឹងចូលរួមគាំទ្រ CIFF លើកទី១២នេះក្នុងនាមជាប្រធានកិត្តិយសមួយរូបផងដែរ។ ដើម្បីភ្ជាប់ទំនាក់ទំនងសារជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា អ្នកដឹកនាំជនជាតិអាមេរិកម្នាក់នេះ នឹងនាំយកភាពយន្តរន្ធត់ព្រឺព្រួចរបស់លោកមានចំណងជើងថា «ទីក្រុងខ្មោច» ដែលបានផលិត និងថតក្នុងឆ្នាំ២០០២ នៅប្រទេសកម្ពុជា ត្រលប់មកវិញ ហើយរឿងនេះនឹងដើរតួជាភាពយន្តបិទមហោស្រព។ប្រធានកិត្តិយសលោក Matt Dillon បានមានប្រសាសន៍ថា «CIFF ជាកម្មវិធីដ៏មានសារៈសំខាន់បំផុតសម្រាប់សមិទ្ធិករភាពយន្តកម្ពុជា និងសមិទ្ធិករភាពយន្តមកពីជុំវិញពិភពលោក ក៏ព្រោះតែនេះជាប្រភេទមហោស្រពដែលដើរតួយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យភាពយន្ត។

 

 

ខ្ញុំពិតជារំភើបដែលក្លាយជាចំណែកមួយនៃមហោស្រពដ៏អស្ចារ្យមួយនេះ»។ លោកបន្ថែមថា «ការថតរឿង ទីក្រុងខ្មោច នៅក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិតខ្ញុំ។ ប្រទេសកម្ពុជា គឺជាកន្លែងវិសេសមួយសម្រាប់ខ្ញុំ។ ទីនេះជាដែនដីដ៏មានជីជាតិសម្រាប់ ភាពច្នៃប្រឌិត។ វាពិតជាអស្ចារ្យណាស់ដែលឃើញថា វិស័យភាពយន្តកម្ពុជាបាន វិវឌ្ឍទៅជាឧស្សាហកម្មមួយជឿនលឿន។ ខ្ញុំទនឹ្ទងរង់ចាំមើលថាតើសមិទ្ធិករភាពយន្តក្មេងៗទាំងអស់នេះនឹងមានអ្វីប្លែកនាពេលអនាគត»។

 


លោក Cedric Eloy ប្រធាន CIFF បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានតារាហូលីវូដលោក Matt Dillon ជាប្រធានកិត្តិយសក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ថា «ការដែលលោក Matt Dillon ចូលរួមគាំទ្រ CIFF ជាការទទួលស្គាល់ទេពកោសល្យច្នៃប្រឌិតរបស់កម្ពុជា និងក៏ជាការជម្រុញឲ្យ CIFF មានភាពរីកលូតលាស់ក្នុងការផ្សព្វផ្សាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពយន្តខ្មែរ និងដៃគូសហការអន្តរជាតិផងដែរ»។


កម្មវិធីនេះ នឹងរួមមានភាពយន្តចុងក្រោយបង្អស់មួយចំនួនដែលត្រូវបានផលិតនៅប្រទេសកម្ពុជា និងការសម្ភោធរឿង «អ្នកការពារដៃឆៅ» ដោយ ជីមី ហេនឌើសិន, «អូណូដា» ដោយ អរធើ ហារ៉ារី និងភាពយន្តខ្លីៗដ៏ល្អបំផុតក្នុង កម្ពុជាជាខ្លី។ រួមមាន ទាំងកម្មវិធីពិសេសៗជារៀងរាល់ថ្ងៃដែលនឹងបង្ហាញពីប្រធានបទមួយចំនួនដែលនឹងត្រូវបានសិក្សាស៊ីជម្រៅនៅមហោស្រពលើកទី១២នេះ។

 

ការបង្ហាញនឹងមានដូចជា អ្នកជំនាញនៃភាពយន្តអាហ្រិក, ប្រវត្តិសាស្រ្តភាពយន្តកម្ពុជា, និងភាពយន្តមួយចំនួនទៀតដែលត្រូវបានផលិតអំពីឯករាជ្យកម្ពុជាបង្ហាញតាមរយៈទស្សនៈផ្សេងៗពីគ្នា ដូចជាភាពយន្តមួយដែលបានថតទាំងស្រុងនៅប្រទេសកម្ពុជានៅទស្សវត្សទី៦០ មានចំណងជើងថា «កងអនុសេនាតូចទី ៣១៧» ដោយ Pierre Schoendoerffer តែពុំដែលបានចាក់បញ្ជាំងនៅកម្ពុជាឡើយ។ CIFF លើកទី១២ ក៏ផ្តល់ជូននូវការគោរពដ៏ថ្លៃថ្លាចំពោះរបាំប្រពៃណីខ្មែរ និងព្រះនាងបុប្ផាទេវីក្នុងខ្សែភាពយន្ត «ទេពហត្ថា» ដោយ Xavier de Lauzanne និងភាពយន្ត «បុប្ផាទេវី តួអប្សរាដំបូង» ដោយ Christophe Gargiulo។ 


ពិភពលោកដ៏គួរឲ្យភ័យខ្លាច នឹងបង្ហាញភាពយន្តរន្ធត់ដែលត្រូវបានផលិតនៅទូទាំងពិភពលោកនិងនៅប្រទេសកម្ពុជា។ ភាពយន្តក្នុងស្រុកដូចជា «កំណើតអរូប» ដោយ សែម វិសាល, «១២ង» ដោយ លៀក លីដា នឹងត្រូវបានបញ្ចាំងស្របជាមួយនឹងភាពយន្តម៉ាឡេស៊ីថ្មីបំផុត «កោះភូឡោ» ដោយ អុីយូ ហូ និងភាពយន្តជប៉ុន «នៅក្នុងព្រៃ» ដោយ ហ៊ីឌីអូ ណាកាតា និងភាពយន្តជាច្រើនទៀត។


ទន្ទឹមគ្នានេះដែរ CIFF មានភាពរីករាយក្នុងការបង្ហាញភាពយន្តអូស្ត្រាលីលក្ខណៈសាសនាចំនួន៣ ក្នុងដៃគូសហការជាមួយ Richard Kuipers (អ្នកវាយតម្លៃភាពយន្ត និងអ្នករៀបចំមហោស្រពនៅទីក្រុងស៊ីដនី)។ ក្នុងនាមជាភ្ញៀវកិត្តិយសមួយរូបក្នុង CIFF, Richard Kuipers នឹងចូលរួមក្នុងការបើកវេទិការការបញ្ចាំង និងពិពណ៌នាភាពយន្តយោងទៅតាមប្រវត្តិសាស្ត្រនៃភាពយន្តអូស្ត្រាលី។ រឿងទាំង៣នោះមានដូចជា «សាច់ញ្ញាតិ» ដោយ ថូនី វីលៀមស៍, «រលកចុងក្រោយ» ដោយ ភីធើ វា និង «អមតៈ» ដោយ មៃខល និងភីធើ ស្ពៀរីក។

 

ភាពយន្ត «រលកចុងក្រោយ» នឹងត្រូវបានបើកសម្ភោធដោយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក  វ៉ាយអេត (Justin Whyatt)។ ភាពយន្ត «អមតៈ» នឹងត្រូវបានបញ្ចាំងជាផ្នែកមួយនៃយប់ដំបូងនៃរាត្រីព្រឺព្រួច ជារាត្រីពិសេសមួយដែលប្រមូលផ្តុំទៅដោយការចាក់បញ្ជាំងភាពយន្តភ័យរន្ធត់ចាប់ពីពេលល្ងាចទល់ភ្លឺនៅរោងភាពយន្តលេជេនសាខាអេដេន ហ្គាដិន។ ជាយប់ដ៏ប្លែកខុសពីគេរបស់ CIFF សម្រាប់យុវជនខ្មែរដែលចូលចិត្តភាពរន្ធត់។
លើសពីនេះទៅទៀត កម្មវិធីនឹងស្វាគមន៍ ភូមិភាពយន្ត យ៉ាងថ្មីមួយដែលនឹងរួមមាន ការពិភាក្សាអ្នកជំនាញ។

 

ភូមិភាពយន្ត នឹងមានវត្តមាននៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ចូលរួមដើម្បីទទួលបានបទពិសោធន៍ដ៏មិនអាចបំភ្លេចបានដែលពោរពេញទៅដោយការចាក់បញ្ចាំងនូវភាពយន្ត, ការជជែកអំពីវិស័យនេះ និងតូបជាច្រើនដែលដាក់លក់ព្រមទាំងដាក់បង្ហាញលិតផលនិងបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងវិស័យភាពយន្តផងដែរ។ 


មិនតែប៉ុណ្ណោះ CIFF ក៏នឹងបង្ហាញទិដ្ឋភាពកម្ពុជាដែលនឹងរួមមានភាពយន្តចំនួន១១ ក្នុងនោះគឺ «បងប្អូនប្រុស៣នាក់» ដោយ សុខ ចាន់រ៉ាដូ, «រសជាតិអាថ៌កំបាំង» ដោយ សួន ហ្គីយ៉ូម, «ស្តេចដូណាត់» ដោយ អាឡាយស៍ ហ្គូ, «ឆ្នាំទន្សាយ» ដោយ អាគីរ៉ា ម៉ូរីតា និង «ស៊ីនាង» ដោយ ក្លឌីន អូខែមប៉ូ។ CIFF ព្រមទាំងបង្ហាញ «កម្ពុជាជាខ្លី ១ និង២» ដែលនឹងរួមមានភាពយន្តខ្លីៗដ៏អស្ចារ្យមួយចំនួននៅប្រទេសកម្ពុជាដែលត្រូវបានផលិតដោយផលិតករភាពយន្តក្នុងស្រុក ជនភៀសខ្លួនកម្ពុជា និងផលិតករភាពយន្តបរទេសមកពីកម្ពុជា បារាំង និងសហរដ្ឋអាមេរិក។


រឿងព្រេងនៃពិភពលោក ជាកម្រងភាពយន្តអន្តរជាតិមួយចំនួនដែលទទួលបានការកោតសរសើរអំពីការនិទានរឿងយ៉ាងប្លែកៗ និងភាពល្អឥតខ្ចោះនៃភាពយន្តទាំងមូល។ រឿងមួយចំនួនដែលមានភាពលេចធ្លោនោះមានដូចជា «ភាពស្លូតត្រង់» ដោយ ឡូវិស ហ្គារេល, «ឪពុក និងទាហាន» ដោយ ម៉ាថាយ វ៉ាឌីភី, «ការថតចុងក្រោយ» ដោយ មីសែល ហាហ្សាណាវីស៊ីស និង «វិលវិញសេអ៊ូល» ដោយ ដេវី ជូ។ 


សម្រាប់មហោស្រពលើកទី១២នេះ CIFF ពិតជាមានសេចក្តីថ្លែងអំណរគុណចំពោះការគាំទ្ររបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ CIFF ក៏មានសេចក្តីរីករាយក្នុងការបញ្ជាំង «យើងពាក់ម្កុដ» ដោយអ្នកដឹកនាំជនជាតិស្កុតឡេន បែនចាមីន រីហ្គលី និង «រួមគ្នានិយាយ» ដោយអ្នកដឹកនាំជនជាតិអង់គ្លេស រ៉ាគែល អាគីរ៉េ។


ដៃគូសហការផ្លូវការរបស់ CIFF ឆ្នាំនេះ មានដូចជា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា, ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)។ ដៃគូសហការ ផែនដីស្រស់ស្អាត រួមមាន Heinrich Boell Stiftung, មូលនិធិ Pulitzer, អច្ឆរិយៈនៃទន្លេមេគង្គ និង Oxfam៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024