ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
បុរសម្នាក់រស់នៅក្នុងរដ្ឋផ្លរីដាសហរដ្ឋអាមេរិកបានបំបែកឯតទគ្គកម្មសម្រាប់ការរស់នៅក្រោមទឹកបានយូរជាងគេបំផុតកាលពីថ្ងៃទី១៣ ខែឧសភានៅពេលដែលរូបគាត់បានចំណាយពេល ៧៤ ថ្ងៃដើម្បីរស់នៅក្នុងផ្ទះការពារទឹកជ្រាបចូលឈ្មោះ Jules Undersea Lodge នៅក្នុងតំបន់ Key Largo។
អ្នកជំនាញខាងស្រាវជ្រាវក្រោមទឹក និងផ្នែកវេជ្ជសាស្រ្តគឺវេជ្ជបណ្ឌិត Joseph Dituri បានចូលរួមនៅក្នុងបទពិសោធន៍មួយដែលគេហៅថាគម្រោងភពណេបទូន១០០ថ្ងៃ (Project Neptune 100) នៅក្រោមការឧបត្ថម្ភដោយមូលនិធិអភិវឌ្ឍន៍ធនធានសមុទ្រ។
លោក Dituri បាននិយាយថា កំណត់ត្រានេះគឺជារបស់តូចមួយប៉ុន្តែគេស្រឡាញ់វាណាស់ ហើយលោកពិតជាពេញចិត្តចំពោះវាផងដែរ។ លោកពិតជាមានកិត្តិយសណាស់ដែលទទួលបានកំណត់ត្រានេះប៉ុន្តែវានៅតែមានវិទ្យាសាស្រ្តជាច្រើនទៀតដែលត្រូវធ្វើដែលវាមិនត្រូវឈប់នៅត្រឹមនេះទេ។
លោក Dituri បាននិយាយថា គាត់គ្រោងនឹងស្នាក់នៅក្រោមទឹករហូតដល់ថ្ងៃទី៩ ខែមិថុនាជាពេលមួយដែលលោកនឹងឈានដល់គម្រប់ថ្ងៃទី១០០នៃគម្រោងនេះខណៈដែលអ្នកបំបែកកំណត់ត្រាពីលើកមុនសម្រាប់ការរស់នៅក្រោមទឹកបែបនេះគឺអាចធ្វើបានតែ ៧៣ ថ្ងៃប៉ុណ្ណោះកាលពីឆ្នាំ២០១៤។
គោលដៅនៃការស្រាវជ្រាវរបស់លោក Dituri នេះគឺដើម្បីបញ្ចូលគ្នានូវការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនិងទឹក និងបង្ហាញពីការផ្សព្វផ្សាយអប់រំដល់និស្សិតនៅសាកលវិទ្យាល័យ South Florida ផងដែរ។
ការស្រាវជ្រាវប្រចាំថ្ងៃមួយចំនួនរបស់ Dituri គឺពាក់ព័ន្ធនឹងការតាមដានការឆ្លើយតបរបស់រាងកាយរបស់គាត់ចំពោះការប៉ះពាល់រយៈពេលវែងទៅនឹងសម្ពាធខ្លាំង ជាការស្រាវជ្រាវមួយដែលអាចមានប្រយោជន៍សម្រាប់បេសកកម្មសមុទ្រទឹកជ្រៅនាពេលអនាគត៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន