ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

លំអិតការប្រកួតលីគខាប់ រវាងភ្នំំពេញក្រោនជាមួយគិរីវង់សុខសែនជ័យ

២៤ ឧសភា ២០២៣ | កីឡា

 

ក្រោយសំរាកជាច្រើនសប្តាហ៍កន្លងមក ការប្រកួតបាល់ទាត់ Cambodian League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នឹងឈានមកដល់នៅចុងសប្តាហ៍នេះហើយ ។ ខណៈដែលការប្រកួតកាលពីជើងទី១កន្លងទៅ ក្រុមភ្ញៀវសុទ្ធសឹងតែធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះ ។ ដោយសំរាប់ការប្រកួតនៅចុងសប្តាហ៍នេះវិញ យើងនឹងលើកឡើងពីព័ត៌មានលំអិតពីការប្រកួតរវាងក្រុម ភ្នំពេញក្រោន ជាមួយ នឹងគិរីវង់សុខសែនជ័យ ។

 

 

សំរាប់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ហាក់មានប្រៀបជាងក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ដ្បិតកាលពីជើងទី១កន្លងទៅ ភ្នំពេញក្រោន បានយកឈ្នះគិរីវង់សុខសែនជ័យ៣ទល់នឹង០ ហើយសំរាប់ការប្រកួតនៅជើងទី២នេះវិញ ការប្រកួតនឹងត្រូវលេងនៅកីឡដ្ឋាន Smart RSN ដែលជាទឹកដីភ្នំពេញក្រោន ។ ភ្នំពេញក្រោនបាន ប្រមូលផ្តុំកីឡាករទាំងអស់មកហ្វឹកហាត់ជុំគ្នាវិញហើយ ក្រោយព្រឹត្តការណ៍ស៊ីហ្គេមបានបញ្ចប់ ដូច្នេះក្រុមដែលមានរហ័សនាមសឹង្ហក្រហមមួយនេះ នឹងកាន់តែមានជំរើសកីឡាករច្រើនផងដែរ ។

 

 

ដោយឡែកយើងងាកមកចាប់អារម្មណ៍កីឡាករសំខាន់ៗរបស់ភ្នំពេញក្រោនវិញ រួមមាន ខ្សែប្រយុទ្ធកូឡុំប៊ី Andres Nieto ដែលតែងតែបង្កើតឱកាស និង រកគ្រាប់បាល់ជូនក្រុម ខ្សែប្រយុទ្ធអ៊ុយក្រែន Valerii Hryshyn ជាកម្លាំងសំខាន់ក្នុងការគាំទ្រនៅតំបន់ប្រយុទ្ធ និង ខ្សែបម្រើជប៉ុន Yudai Ogawa ដែលជាអ្នកនាំលេងយ៉ាងសំខាន់នៅតំបន់កណ្តាល ។ យ៉ាងណាក្តី ភ្នំពេញក្រោនក៏មានកីឡាករសំខាន់ៗជាច្រើនទៀត ដូចជាលឹម ពិសុទ្ធ ប្រាក់ ធីវ៉ា អន ចាន់ប៉ូលីន និងកីឡាករល្អជាច្រើនទៀតនៅគ្រប់តំបន់ផងដែរ ។

 

ដោយឡែកសំរាប់គិរីវង់សុខសែនជ័យវិញ ក្រោយការដឹកនាំរបស់លោក សាប៊ូន វ៉ិនតា បានជួយអោយក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Cambodian League Cup ជាលើកដំបូង ។ គិរីវង់សុខសែនជ័យបានហ្វឹកហាត់ជុំគ្នាពេញជើងល្អ ដ្បិតពួកគេពុំមានកីឡាករជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកាលពីស៊ីហ្គេមនោះទេ ។ យ៉ាងណាក្តីពួកគេត្រូវការឈ្នះភ្នំពេញក្រោនចាប់ពី៣គ្រាប់ឡើងទៅជាចាំបាច់ ដើម្បីមានឱកាសឡើងទៅកាន់វគ្គបន្ត ។ យើងងាកមកចាប់អារម្មណ៍កីឡាករសំខាន់ៗរបស់គិរីវង់សុខសែនជ័យ រួមមាន ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ដែលតែងតែបង្កើតឱកាសពីតំបន់ស្លាប ខ្សែប្រយុទ្ធ ណុប តុលា ជាកីឡាករដែលសំបូរបទពិសោធនៅលើទីលាន រួមជាមួយ ខ្សែបម្រើ Yannick Francois ជាកីឡាករសំខាន់នៅតំបន់កណ្តាល ។ 

 

យើងងាកមកចាប់អារម្មណ៍ ពីលទ្ធផលនៃការជួបគ្នា៣លើកចុងក្រោយ រវាងក្រុមទាំងពីរវិញ
កាលពីថ្ងៃទី ០២ មេសា ២០២២ ភ្នំពេញក្រោន ៦-១ គិរីវង់សុខសែនជ័យ
កាលពីថ្ងៃទី ២៣ កក្កដា ២០២២ គិរីវង់សុខសែនជ័យ ១-៣ ភ្នំពេញក្រោន
កាលពីថ្ងៃទី ២៣ មេសា ២០២៣ គិរីវង់សុខសែនជ័យ ០-៣ ភ្នំពេញក្រោន

  សូមបញ្ជាក់ថា ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Cambodian League Cup 2023 រវាងក្រុម ភ្នំពេញក្រោន ជាមួយ គិរីវង់សុខសែនជ័យ នឹងធ្វើឡើងនៅថ្ងៃទី ២៨ឧសភា នាកីឡដ្ឋាន Smart RSN ចាប់ពីម៉ោង ៦និង៣០នាទីល្ងាចតទៅ ៕

 

 

អត្ថបទ រ៉េត ស្តាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024