ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

តើកម្ពុជា នឹងទទួលបាននូវផលចំណេញអ្វីខ្លះពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថាស៊ីហ្គេម?

១៥ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

តើកម្ពុជា នឹងទទួលបាននូវផលចំណេញអ្វីខ្លះពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថាស៊ីហ្គេម     ខណៈកម្ពុជាបានចំណាយថវិកាប្រមាណជា ១១៨ លានដុល្លារក្នុងព្រឹត្តិការណ៍នេះ?ស្របពេលដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថាស៊ីហ្គេម    កម្ពុជាបានចំណាយថវិកាប្រមាណជា ១១៨ លានដុល្លារ ប៉ុន្តែទោះបីជាមានការចំណាយច្រើនបែបនេះយ៉ាងណាក្តី ក៏អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ប្រទេសកម្ពុជាបានចំណេញច្រើន ពីព្រឹត្តិការណ៍កីឡាមួយនេះរួមមាន  ការបង្កើនចរន្តចាយវាយក្នុងប្រទេស ការធានានូវកេរ្ត៍ឈ្មោះរបស់ប្រទេសលើឆាកអន្តរជាតិ ទាក់ទាញការវិនិយោគ និងលើកកំពស់កិត្តិសព្ទរបស់ប្រជាជន ។


លោកបណ្ឌិត គី សេរីវឌ្ឈន៍ អ្នកជំនាញសេដ្ឋកិច្ចនិង ជាអគ្គនាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា កម្ពុជាចំណេញច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងនោះគឺធានាចរន្តការចាយវាយនៅក្នុងប្រទេស បើទោះបីជារាជរដ្ឋាភិបាល បានចំណាយថវិកាច្រើនក៏ដោយក៏ថវិកាទាំងនោះស្ថិតនៅក្នុងប្រទេស។


លោកបន្តថា «នៅក្នុងទ្រឹស្តីសេដ្ឋកិច្ចការចំណាយរបស់រដ្ឋ ដើម្បីត្រឡប់មកនៅក្នុងសង្គម ដែលជំរុញកំណើនសេដ្ឋកិច្ចតាមមេគុណចំណាយ ដែលស្ថិតនៅក្នុងរង្វង់២.០ បើរដ្ឋាភិបាលចំណាយ២០០លាន នឹងធ្វើអោយចំណូល៤០០លាន»។អ្នកជំនាញផ្នែកសេដ្ឋកិច្ចដដែលបានបន្ថែមថា ការមិនយកថ្លៃសំបុត្រចូលទស្សនាការប្រកួតកីឡានីមួយៗរួមទាំងពិធីបើកនិងបិទបានធ្វើអោយប្រទេសកម្ពុជា មានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាយនៅលើសកលលោកកាន់តែខ្លាំងបន្ថែមទៀត។

 


លោកបណ្ឌិតបញ្ជាក់ថា«នៅពេលដែលទីផ្សាររបស់ប្រទេសត្រូវបានគេស្គាល់ហើយ យើងនឹងបានចំណេញមួយទៀតពីវីស័យទេសចរណ៍។ វិស័យទេសចរណ៍ធ្វើអោយចំណូលធ្លាក់មកដល់ដៃប្រជាពលរដ្ឋ ហើយក្រោយពេលដែល ស៊ីហ្គេម បញ្ចប់ទៅនឹងធ្វើអោយកម្ពុជាគេស្គាល់ថាជាអ្នកណា»។

 


លោកបានបន្ថែមបន្តថា ក្រៅពីវិស័យទេសចរណ៍ ស៊ីហ្គេមនឹងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន បន្ថែមទៀតតាមរយៈការផ្សព្វផ្សាយរបស់បណ្តាសារព័ត៌មានធំៗនៅលើសកលលោក។លោកបញ្ជាក់ថា «កាលពីពេលមុនអ្នកវិនិយោគជាច្រើនស្វែងរកកន្លែងវិនិយោគ តែពួកគាត់មិនស្គាល់កម្ពុជានោះទេ ឥចឹងការផ្សព្វផ្សាយតាមរយៈ ស៊ីហ្គេម បានជួយអោយពួកគេដឹងថា កម្ពុជាជាតំបន់ដែលមានឱកាសសម្រាប់វិនិយោគឬអត់»។

 


ស៊ីហ្គេមធ្វើអោយប្រជាជនកម្ពុជាខ្លួនឯង ស្គាល់នូវការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការស្រឡាញ់ជាតិ។ «ដូចដែលប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ឬនៅក្រៅប្រទេសមួយចំនួនយល់ថា កម្ពុជាមានការអភិវឌ្ឍតិចតួច គ្មានកេរ្តិ៍ឈ្មោះល្អ គ្មានលទ្ធិប្រជាធិបតេយ្យជាដើម តាមរយៈការផ្សព្វផ្សាយអាក្រក់អំពីប្រទេសកម្ពុជា ប៉ុន្តែនៅពេលដែលឃើញព្រឹត្តិការណ៍ នេះធ្វើបានល្អ ពិភពលោកកោតស្ញប់ស្ញែង ហើយក៏មានបងប្អូនប្រជាពលរដ្ឋខែ្មរដែលស្នេហាជាតិ បានវិលពីបរទេសមកជួយធ្វើជាកីឡាករ ដើម្បីកេរ្តិ៍ឈ្មោះជាតិយើងទៀត ហើយនឹងធ្វើអោយការបង្អាប់កម្ពុជាលែងមាន»។

 


អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែមថា ស្ថិតនៅក្នុងរង្វង់៤ខែដើមឆ្នាំ២០២៣នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មាន ស្ថានភាពល្អជាងរយៈពេលដូចគ្នាកំឡុងឆ្នាំ២០២២ ឆ្នាំ២០២១ ឆ្នាំ២០២០ និងបើប្រៀបធៀបជាមួយនិងប្រទេសមួយចំនួននៅលើពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែមានកំណើនល្អជាង ខណៈពេលពេលដែលប្រទេសទាំងនោះកំពុងតែជួបវិបត្តិ។កម្ពុជាត្រូវបានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក វាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី ៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»។

 


ក្នុងនោះកម្ពុជាបានប្រកាសមិនយកថ្លៃសំបុត្រចូលទស្សនាការប្រកួតនានា ផ្តល់ជូនការស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងមិនយកតម្លៃសេវាពីការលក់សិទ្ធិផ្សព្វផ្សាយពីគ្រប់ដៃគូរផ្សព្វផ្សាយនានា។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ មានកីឡាករ និងកីឡាការនី គ្រូបង្វឹក និងបុគ្គិលចូលរួម ជាង ១២ ៤០០ នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រខាងកើត៕
 

 

អត្ថបទ៖ AKP រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025