ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
មិនត្រឹមតែមានឈ្មោះជាតារាសម្តែងលេចធ្លោប៉ុណ្ណោះទេ នៅ ដាណា ថែមទាំងជាតារាចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពីនាងបានវិឌ្ឍន៍ខ្លួនក្នុងវិស័យនេះក្នុងរយៈពេលដ៏ខ្លី ដោយសារនាងមានចំណុចខ្លាំងជាច្រើន ។ ពីមុនទស្សនិកជនធ្លាប់តែឃើញ នៅ ដាណា ក្នុងការសម្តែងភាពយន្ត ប៉ុន្តែពេលនេះនាងគឺជាតារាចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ជាក់ស្តែងរាល់ពេលមានកម្មវិធីធំៗ តែងតែមានវត្តមាននាងគ្រប់ពេល ។
សម្រាប់ឆ្នាំថ្មី តារារូបនេះ មានការងារថ្មីៗជាច្រើនត្រៀមបង្ហាញទស្សនិកជន រួមជាមួយនិងការលេងខ្លួនបែបបរទេស ដើម្បីបង្កើនទីផ្សារការងារ ។នៅ ដាណា ទើបតែប្រលូកក្នុងសិល្បៈបានជាង ៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់នាងគិតថា ការប្រលូកក្នុងសិល្បៈដ៏ខ្លីនេះ មិនទាន់ហួសពេលនោះទេសម្រាប់នាង ក្នុងការសាងប្រជាប្រិយភាព ទាំងការសម្តែង និង ចម្រៀង បើទោះបីជាវ័យរបស់ខ្លួនកាន់តែច្រើនក្តី ។
តាមរយៈការសម្តែងនិងច្រៀងរបស់ នៅ ដាណា ក្នុងកម្មវិធីធំមួយកាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថាកញ្ញាកាន់តែខ្លាំងជាងមុន រួមផ្សំជាមួយការតុបតែងខ្លួនដ៏ប្លែកភ្នែក មើលទៅមិនចាញ់បរទេសឡើយ រហូតទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់មិត្តសិល្បៈ ។
បើទោះបីជាពេលនេះ នៅ ដាណា មមាញឹកខ្លាំងនៅក្នុងការងារចម្រៀង ប៉ុន្តែនាងមិនបានបញ្ចប់អាជីពសម្តែងនោះទេ នាងនៅតែបន្តទទួលថតភាពយន្តដូចមុនដដែល ដោយសារនាងមានក្តីស្រមៃជាច្រើនដែលខ្លួនមិនទាន់សម្រេច ទោះជាពេលនេះនាងមានវ័យកាន់តែច្រើន នាងនៅតែខិតខំពង្រឹងការងារ ក្នុងសិល្បៈឱ្យកាន់តែខ្លាំងក្លាឡើង ។
ទន្ទឹមនឹងការស្វែងរកក្តីស្រមៃនេះ នៅ ដាណា ក៏ទទួលបានការគាំទ្រខ្លាំងពីគូស្នេហ៍បរទេសរបស់ខ្លួនផងដែរ មិនថាទៅកម្មវិធីតូចធំ តែងតែឃើញអ្នកទាំងពីរបណ្តើរគ្នាទៅចូលរួមយ៉ាងផ្អែមល្ហែមបំផុត ។
នៅ ដាណា ត្រៀមលេចមុខនៅក្នុងរឿងដុំ និងរឿងភាគក្នុងពេលឆាប់ៗខាងមុខផងដែរ ជាក់ស្តែងក្នុងឆ្នាំថ្មីនេះ នាងទទួលបានការងារជាច្រើន ជាពិសេសនៅអាជីពចម្រៀងតែម្តង នាងសង្ឃឹមថា តាមរយៈស្នាដៃថ្មីៗដែលត្រៀមនឹងចេញជាបន្តបន្ទាប់ នឹងធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ ។ នៅ ដាណា មានការជឿជាក់ខ្លាំងលើខ្លួនបែបនេះ ដោយសារនាងមានចំណុចខ្លាំងជាច្រើននៅក្នុងដៃ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច