ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ត្រីមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានជាង ៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។បើតាមរបាយការណ៍នេះ បានបង្ហាញថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ៥.៣ពាន់លានដុល្លារ ថយចុះ៥.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។
ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៥.៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២១.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារ។ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ថយចុះ១៤.៥%។តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផលិតផលសម្លៀកបំពាក់ ត្រូវបាននាំចេញក្នុងតម្លៃ ១.៦ពាន់លានដុល្លារ , ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦លានដុល្លារអាមេរិក, ស្បែកជើងនាំចេញបាន ៣២៣លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។
គួររំលឹកដែរថា បើគិតចាប់ពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០២២កន្លងនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារគោលដៅ មានតម្លៃ ២០ពាន់លានដុល្លារ កើនឡើង ១៨% និងនាំចូលមកវិញក្នុងតម្លៃ ២៧ពាន់លានដុល្លារ កើនឡើង៩% ដែលធ្វើឱ្យកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៤៨ពាន់លានដុល្លារ កើនឡើងប្រមាណ១២%។ ក្នុងនោះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ជាង៨ពាន់លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជិត១៧០០លានដុល្លារ គ្រាប់ធម្មជាតិ ជាង១ពាន់លានដុល្លារ ស្បែកជើង ជាង ១៥០០លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត។
គួរបញ្ជាក់ថា បើមើលពីរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២កន្លងទៅ មានទំហំទឹកប្រាក់ប្រមាណ ១ម៉ឺន ៧ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដោយការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើន ២៣ភាគរយ និងផលិតផលធ្វើដំណើរនិងកាបូប មានកំណើន ៣៦ភាគរយ៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ