ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥

លោកDonald Trumpត្រូវបានចោទប្រកាន់ទោស ដែលជាករណីទី១សម្រាប់អតីតប្រធានាធិបតីអាមេរិក

 

 

លោក Donald Trump អតីតប្រធានាធិបតីអាមេរិក ត្រូវបានចោទប្រកាន់ទោសដោយគណៈវិនិច្ឆ័យប្រចាំសង្កាត់Manhattan ទីក្រុងNew York នៃសហរដ្ឋអាមេរិក បន្ទាប់ពីមានការស៊ើបអង្កេតទៅលើករណីសូកលុយបំបិទមាត់ទៅឱ្យតារាភាពយន្តអាសអាភាសStormy Daniels។

 

ករណីចោទប្រកាន់ទោសនេះបានធ្វើឱ្យលោកDonald Trump ក្លាយជាអតីតប្រធានាធិបតីអាមេរិកទី១ ដែលត្រូវចោទក្នុងបទល្មើសព្រហ្មទណ្ឌ។ រឿងរ៉ាវនេះកើតឡើងស្ថិតនៅក្នុងអំឡុងពេលដែលលោក Trump បន្តព្យាយាមឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី។

 

លោក Trump  បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា «លោកពិតជាមិនបានដឹងអ្វីទាំងអស់»។

 

«នេះជាបទចោទប្រកាន់លក្ខណៈនយោបាយ និងការជ្រៀតជ្រែកការបោះឆ្នោតស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៃប្រវត្តិសាស្ត្រអាមេរិក» ។នេះជាការលើកឡើងរបស់លោកTrump នៅក្នុងសេចក្តីថ្លែងការណ៍ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងអ្វីនោះទេ។

 

ភ្លាមៗលោកTrump  អំពាវនាវទៅកាន់ក្រុមអ្នកគាំទ្រឱ្យផ្តល់ថវិកាសម្រាប់កិច្ចការពារផ្នែកច្បាប់។ លោកក៏ទទួលបានថវិកាច្រើនជាង២លានដុល្លារអាមេរិក។ យោងតាមការប្រកាសពីក្រុមយុទ្ធនាការរៃអង្គាសថវិកា។

 

សេចក្តីលំអិតនៃទោសដែលត្រូវចោទប្រកាន់ នៅមិនទាន់បានដឹងនៅឡើយទេ។ ទោសចោទប្រកាន់ទំនងជានឹងត្រូវបើកបង្ហាញឱ្យដឹងដោយតុលាការ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

 

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងនឹងត្រូវបង្ហាញវត្តមាននៅតុលាការនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025