ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
កម្ពុជា និងអូស្ត្រាលី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជា ក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងសិក្សាយ៉ាងច្រើននៅអូស្ត្រលី។ឆ្លើយតបបនឹងសំណើនេះ លោក Justin Kevin Whyatt បានប្ដេជ្ញាថានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើគ្រប់វិស័យជាមួយភាគីកម្ពុជា ពិសេសវិស័យទេសចរណ៍។
និងបានទទួលឯកភាពយល់ព្រម និងខិតខំជំរុញឱ្យបានក្នុងអាណត្តិបេសកកម្មរបស់លោកនៅកម្ពុជានេះ ហើយលោកនឹងជំរុញឱ្យមានហោះហើរត្រង់រវាងកម្ពុជា-អូស្ត្រាលី។ គួរជម្រាបថា កន្លងទៅ និងពេលបច្ចុប្បន្ន អ្នកដំណើរដែលចង់ធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី គឺត្រូវប្ដូរជើងហោះហើរជាមួយសិង្ហបុរី ឬឥណ្ឌូណេស៉ី ឬក៏ទៅដល់ហុងកុងក៏មាន។
តាមរយៈសំណើ និងកិច្ចសហប្រតិបត្តិការទាំងនេះ ភាគីកម្ពុជានិងអូស្ត្រាលី រំពឹងទុកថានឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បានមួយកម្រិតទៀត ព្រមទាំងទាក់ទាញកំណើនភ្ញៀវទេសចរអូស្ត្រាលីឱ្យមកទស្សនាកម្ពុជាបន្ថែមទៀតដែរ ខណៈកាលពីមុនពេលវិបត្តិកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអូស្ត្រាលីប្រមាណជាង១០ម៉ឺននាក់។
គួររំលឹកដែរថា កន្លងទៅរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ច បាននាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្រ្តាលី សម្រេចបាន ៣២៤លានដុល្លារ នៅឆ្នាំ ២០២១ កើនឡើង ៥២ភាគរយ បើធៀបនឹងឆ្នាំ ២០២០ បើទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។
ហើយបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអូស្ត្រាលី ក្នុងទឹកប្រាក់ជាង ៣៤៦ លានដុល្លារ នៅរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើងជិតទ្វេដង បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈទំហំពាណិជ្ជកម្មសរុបមានទឹកប្រាក់ជាង ៤៧៨ លានដុល្លារ។ ផលិតផលកម្ពុជាដែលនាំទៅប្រទេសអូស្ត្រាលី មានភាគច្រើនជាផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម, ចំណែកទំនិញអូស្ត្រាលីនាំមកកម្ពុជា រួមមាន ផលិតផលអេឡិចត្រូនិក យានយន្ត និងផលិតផលអាហារ ដែលមានសាច់គោ, ទឹកដោះគោ និងផ្លែឈើជាដើម៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ