ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

ជំនួបដ៏កម្ររវាង ឌីជេ និង អ៊ឹមស៊ី ប្រចាំឆ្នាំលើកទី៦ ប្រារព្ធឡើងយ៉ាងអធិកអធមបំផុត ដើម្បីបង្កើនភាពស្និទ្ធស្នាល និងរៃអង្គាសមូលនិធិសប្បុរសធម៌

២៨ មីនា ២០២៣ | កម្សាន្ដ


 

ឌីជេប្រុសស្រីល្បីៗ និង MC ពូកែវោហាមកពីគ្រប់ស្ថាប័នទូរទស្សន៍ និងស្ថានីយវិទ្យុ ឬក្លឹបកម្សាន្ត ជាង៣០០នាក់ បានមកជួបជុំគ្នា ក្នុងកម្មវិធីជំនួប DJ&MC ប្រចាំឆ្នាំលើកទី៦ នៅបៀហ្គាដិនមួយកន្លែងក្នុងរាជធានីភ្នំពេញ។កម្មវិធីជំនួប DJ&MC ប្រចាំឆ្នាំលើកទី៦ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុត កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងបៀហ្គាដិន អ៊ី សប្បាយ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន ឌីជេ និង អ៊ឹមស៊ី មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា ប្រមាណជីត ៣០០នាក់។ 

 


លោក ដេននី ប្លេកខ៍ (Dj Denny Black) អ្នករៀបចំជំនួប DJ&MC ប្រចាំឆ្នាំលើកទី៦ បានឱ្យដឹងថា ជំនួប DJ&MC ប្រចាំឆ្នាំនេះ ជាពិធីជប់លៀងបែបសប្បាយៗអបអរពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នាពេលខាងមុខ។ គោលបំណងធំនោះ គឺដើម្បីបង្កើនភាពស្និទ្ធស្នាលរវាង DJ និង MC ឱ្យកាន់តែស្អិតរមួត និងមានឱកាសផ្លាស់ប្តូរគោលគំនិតថ្មីៗ ក៏ដូចជាបទពិសោធន៍ និងឱកាសការងារឱ្យគ្នាទៅវិញទៅមក ឆ្ពោះទៅកាន់ការបង្កើតសមាគមន៍ឌីជេនៅថ្ងៃខាងមុខ។ មិនតែប៉ុណ្ណោះ លោកក៏មានគម្រោងបង្កើតកម្មវីធីប្រកួតឌីជេលំដាប់ប្រទេសនាពេលខាងមុខផងដែរ។

 

 

ជំនួបដ៏មានអត្ថន័យនេះ មិនត្រឹមតែបង្កើតឡើងក្នុងន័យកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាវេទិការៃអង្គាសសម្រាប់មូលនិធិសប្បុរសធម៌ជួយសង្គមផងដែរ។ក្រឡេកមកមើល កញ្ញា ម៉ៃលី DJ ស្រីកម្ពុជាដំបូងគេល្បីល្បាញលំដាប់អាស៊ី បានបង្ហាញអារម្មណ៍រំភើបរីករាយដែលបានចូលរួមកម្មវិធីជំនួប DJ&MC ប្រចាំឆ្នាំលើកទី៦ ដោយនាងចាត់ទុកថានេះជាឱកាសល្អក្នុងការស្គាល់គ្នា និងចែករំលែកគំនិតថ្មីៗរវាងអាជីព Dj & MC។ ម៉ៃលី សង្ឃឹមថា ថ្ងៃក្រោយយើងអាចនឹងមានការប្រកួតប្រជែងឌីជេ ដើម្បីបើកឱកាសឱ្យឌីជេជំនាន់ក្រោយមានបានបញ្ចេញសមត្ថភាពរបស់ពួកគេ។

 

 

សូមជម្រាបថា ឌីជេប្រុសស្រីល្បីៗជាអ្នកចាក់បទភ្លេង និង MC ដ៏ពូកែវោហាមកពីគ្រប់ស្ថាប័នទូរទស្សន៍ និងស្ថានីយវិទ្យុ ឬក្លឹបកម្សាន្ត ជាង៣០០នាក់ បានមកជួបជុំគ្នាលេងកម្សាន្ត និងចាក់បទភ្លេងរាំលេងយ៉ាងសប្បាយរីករាយញ៉ាំងឱ្យជំនួប DJ&MC ប្រចាំឆ្នាំលើកទី៦ កាន់តែមានភាពសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម និងអនុស្សាវរីយ៍៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025