ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ទិវារត់ប្រណាំងអន្តរជាតិ នៅខេត្តព្រះសីហនុ គ្រោងរៀបចំ នាអំឡុងដើមខែមេសាខាងមុខ

២៧ មីនា ២០២៣ | កីឡា

 

ភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៨ នៅខេត្តព្រះសីហនុ នឹងត្រូវបានរៀបចំឡើងវិញនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅឆ្នេរអូរឈើទាល ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិមកលេងកម្ពុជាកាន់តែច្រើន នឹងផ្សព្វផ្សាយដំណើរការរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៨ នេះត្រូវបានរៀបចំឡើងវិញ ក្រោយខកខានរយៈពេល៤ឆ្នាំ។ 

 

 

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្ថែមថា គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិនេះ គឺដើម្បីអបអរសាទរដល់ដំណើរឆ្ពោះទៅរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រមទាំងគោលដៅប្រចាំឆ្នាំរបស់ NOCC ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍ បរិស្ថានបៃតង ភាពស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ព្រមទាំងស្វែងរកថវិកាដើម្បីបរិច្ចាគដល់ការងារ សប្បុរសធម៌។ «ការរៀបចំទិវារត់ប្រណាំងនៅតំបន់ឆ្នេរដ៏ស្រស់ស្អាត គឺយើងមានគោលដៅច្បាស់លាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសគឺគោលដៅទេសចរណ៍ក្នុងស្រុក។

 

 

នេះជាបន្តនិរន្តរភាពក្នុងការរៀបចំឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាតាមរយៈការរត់ប្រណាំងមហាជន ដើម្បីសប្បុរសធម៌ បរិស្ថាន និងការផ្សព្វផ្សាយបន្ថែមដល់គុណតម្លៃដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត»ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ៖«តាមរយៈទិវារត់ប្រណាំងអន្តរជាតិនេះ សម្រាប់អបអរសាទរដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាចលនាផ្សព្វផ្សាយមួយទៀត ក្នុងការបំផុសដល់ដំណើរការព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ នៅខេត្តព្រះសីហនុនេះដែរនឹងត្រូវរៀបចំការប្រកួត៣ប្រភេទកីឡា គឺទូកក្តោង ម៉ូតូទឹក បាល់ទះឆ្នេរខ្សាច់ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣»។

 


ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា សម្រាប់វិញ្ញាសាដាក់ឲ្យប្រកួត ក្នុងទិវារត់ប្រណាំង នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នាដើមខែមេសា ឆ្នាំ២០២៣ ឆាប់នេះមាន៤វិញ្ញាសា គឺរត់ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ សូមជម្រាបថា គិតមកដល់ពេលនេះ មានការចុះឈ្មោះចូលរួមរត់ប្រណាំងបានប្រមាណ ១០០០នាក់ហើយ ស្របពេលគណៈកម្មការរៀបចំទិវាកីឡានេះកំពុងត្រៀមឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឲ្យដំណើរការរត់ប្រណាំងអន្តរជាតិនៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុដំណើរការដោយរលូន និងផ្តល់ភាពកក់ក្តៅដល់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ៕

 

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024