ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
សាកសពខ្លាឃ្មុំពណ៌ត្នោតមួយក្បាលត្រូវបានរកឃើញដោយមានរក្សារូបរាងដើមស្ទើរតែទាំងស្រុងនៅតំបន់ស៊ីបេរីនៅភាគខាងកើតប្រទេសរុស្ស៊ីដែលបានកប់នៅក្នុងព្រៃទឹកកកមួយអស់រយៈពេល ៣ ៥០០ ឆ្នាំមកហើយខណៈដែលក្រុមអ្នកវិទ្យាសាស្ត្របានវះកាត់ពិនិត្យមើលសាកសពខ្លាឃ្មុំនេះ។
សាកសពខ្លាឃ្មុំញីនេះត្រូវបានរកឃើញដោយអ្នកចិញ្ចឹមសត្វរមាំងតាំងពីឆ្នាំ២០២០មកម្ល៉េះនៅក្នុងព្រៃទឹកកកមួយនៅលើកោះ Bolshoi Lyakhovsky ដែលជាផ្នែកមួយនៃប្រជុំកោះ New Siberian ស្ថិតនៅចម្ងាយប្រហែល ៤ ៦០០ គីឡូម៉ែត្រនៅភាគខាងកើតទីក្រុងមូស្គូប្រទេសរុស្ស៊ី។
ដោយសារតែសាកសពខ្លាឃ្មុំនេះត្រូវបានគេរកឃើញនៅភាគខាងកើតនៃទន្លេ Bolshoy Etherican នៅតំបន់ស៊ីបេរីដូច្នេះហើយក្រុមអ្នកវិទ្យាសាស្ត្របានហៅថាខ្លាឃ្មុំពណ៌ត្នោតនេះថា ខ្លាឃ្មុំ Etherican។
លោក Maxim Cheprasov ប្រធានមន្ទីរពិសោធន៍ Lazarev Mammoth នៅសាកលវិទ្យាល័យ North-Eastern Federal នៅក្នុងទីក្រុង Yakutsk នៅភាគខាងកើតតំបន់ស៊ីបេរីបាននិយាយថា ការរកឃើញនេះគឺពិតជារឿងគួរចម្លែកបំផុតព្រោះគ្រោងឆ្អឹងខ្លាឃ្មុំបុរាណនេះនៅរក្សារូបរាងដើមទាំងស្រុង។
សីតុណ្ហភាពត្រជាក់ខ្លាំងបានជួយរក្សារូបរាងដើមរបស់សាកសាពខ្លាឃ្មុំនេះអស់រយៈពេល ៣ ៤៦០ ឆ្នាំក៏ដូចជាស្លាបសត្វបក្សី និងសំណល់រុក្ខជាតិមួយចំនួនទៀតដែលស្ថិតនៅក្បែរសាកសពខ្លាឃ្មុំនេះផងដែរ។
ខ្លាឃ្មុំនេះត្រូវបានគេសន្និដ្ឋានថាមានកម្ពស់ ១.៥៥ ម៉ែត្រ និងមានទម្ងន់ជិត ៧៨ គីឡូក្រាម។
លោក Cheprasov បាននិយាយថា នេះជាលើកដំបូងហើយដែលគ្រោងឆ្អឹងដែលមានជាលិកានៅទន់ៗ បានធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រដែលផ្តល់ឱកាសឱ្យពួកគេមានការងារត្រូវធ្វើសម្រាប់ការសិក្សាស្រាវជ្រាវពីសរីរាង្គខាងក្នុង និងពិនិត្យមើលខួរក្បាលរបស់ខ្លាឃ្មុំ Etherican មួយនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន