ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ស្ថិតនៅក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកខ្ចី និងមួកស្បូវនោះ កូនភ្លោះជនជាតិឥណ្ឌូនេស៊ី ២ នាក់គឺអ្នកស្រី Sri Irianingsih និងអ្នកស្រី Sri Rossyati បានដើរទៅមកនៅតាមតុរបស់សិស្សដើម្បីបង្រៀនពីក្ដីសង្ឃឹមដល់សិស្សដែលកំពុងសរសេរនិងស្ដាប់ដោយយកចិត្តទុកដាក់ពីជំនាញរបស់ពួកគេ។
ដោយទទួលបានរហស្សនាមពីសិស្ស ឪពុកម្តាយរបស់សិស្ស និងពលរដ្ឋមូលដ្ឋានថាជា«ម្ដាយភ្លោះឬថា Twin Moms) នៅតំបន់ Bahasa ប្រទេសឥណ្ឌូនេស៊ីនោះ ស្ត្រីស្លៀកពាក់ពណ៌ដ៏ស្រស់ស្អាតទាំង២រូបនេះបានបង្កើតសាលាសង្គ្រោះបន្ទាន់ Kartini នៅតំបន់មួយនៅទីក្រុងហ្សាកាតានៅក្នុងឆ្នាំ១៩៨៣។
អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ម្ដាយកូនភ្លោះទាំង២នេះបានបង្ហាត់បង្រៀនក្មេងៗដែលមានអាយុពី ៦-១៧ ឆ្នាំមកពីគ្រួសារខ្វះខាតដែលរស់នៅក្នុងខ្ទមបណ្តោះអាសន្ននៅតាមមាត់ទន្លេ និងកន្លែងចាក់សំរាមជាដើមព្រោះពួកគេជាច្រើននាក់មិនបានចុះឈ្មោះចូលរៀននៅសាលារៀនរបស់រដ្ឋទេ។
អ្នកស្រី Irianingsih បានប្រាប់រ៉យទ័រថា នៅកណ្តាលតំបន់លំនៅឋានប្រណីតៗនេះ ក្មេងៗទាំងនេះបានបោសសម្អាតផ្លូវដូច្នេះហើយពួកគេមិនមានលុយបង់ថ្លៃសាលារៀនទេព្រោះតម្លៃសិក្សាថោកបំផុតនៅក្នុងតំបន់នោះគឺថ្លៃ ៣២៦ដុល្លារ។
ហេតុនេះហើយបានជាស្ត្រីទាំង២នេះបានបង្កើតសាលានេះឡើងដើម្បីជួយបង្រៀនក្មេងទាំងនោះ។
ម្ដាយកូនភ្លោះនេះបានតាំងចិត្តជួយបង្រៀនក្មេងទាំងនេះមានជំនាញអាចប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងបន្ទាប់ពីបញ្ចប់ការសិក្សាជាមួយពួកគេ។
សិស្សរៀនជំនាញជាក់ស្តែងចាប់ពីការធ្វើម្ហូបរហូតដល់ការរៀបចំផ្កាដោយធានាថា ពួកគេនឹងមិនត្រលប់ទៅរើសសំរាមឬដើរសុំទានតាមផ្លូវទៀតឡើយ។
ប្រទេសឥណ្ឌូណេស៊ីបានលុបចោលការបង់ថ្លៃសិក្សានៅឆ្នាំ២០០៨នៅតាមសាលារៀនរបស់រដ្ឋចាប់ពីថ្នាក់ទី១ដល់ទី៩ក៏ពិតមែនប៉ុន្តែកុមារតូចៗមកពីគ្រួសារដែលមានចំណូលទាបគឺពិបាកក្នុងការចំណាយដូចជាទៅលើឯកសណ្ឋាន និងសៀវភៅជាដើម៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន