ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

អេលីត ចំរើន ក្លាយជាម្ចាស់ខ្សែក្រវាត់មាស ISI PALM- ISI PIPE ក្រោយទាត់ វ៉ាន់ វឿន ខូចដៃទឹកទី៤

០៦ កក្កដា ២០២០ | កីឡា

ឆ្លងកាត់ការប្រកួតជាង ៦ខែ ទីបំផុតកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE រូបឃើញម្ចាស់ខ្សែក្រវាត់មាស និងប្រាក់រង្វាន់៤០លានរៀលហើយ គឺកីឡាករ អេលីត ចំរើន ក្រោយផ្ដួល វ៉ាន់ វឿន ក្នុងទឹកទី៤។

ការព្យាយាមដើរចូលទៅរកកីឡាករ អេលីត ចំរើន ធ្វើឲ្យ វ៉ាន់ វឿន ភ្លាត់ត្រូវកូនសិស្សក្លិប ប៉ែក កាក់ គុនខ្មែរទាត់មួយជើងឆ្វេងចំដៃស្ដាំ បណ្ដាលឲ្យខូចនិងឈានដល់ការបោះបង់ការប្រកួត ក្នុង ទឹកទី៤។

 

 

នៅលើសង្វៀនតែមួយកណ្ដាប់ដៃថ្ម រឿង សោភ័ណ្ឌ ម៉ាត់កីឡាករអង់គ្លេស Max Shaw ឲ្យអាជ្ញាកណ្ដាលបញ្ចប់ទឹកទី២ រីឯអ្នកប្រដាល់ជើងចាស់ ហុន ឈុនហេង យកឈ្នះកូនសិស្សលោក អេ ភូថង កីឡាករ រ៉ា រយ៉ា ដោយឡែក ឈុត ប្រាក់កាក់ បន្តចាញ់នៅភីអិនអិនក្រោយ សង សាត ផ្ដួលឲ្យបោះបង់ការប្រកួតទឹកទី ២ និងគូចុងក្រោយ ខាន់ សានុច បញ្ចប់ ឫទ្ធិ ខ្វ័ននាគ ត្រឹមទឹកទី ១។

 

 

សូមជម្រាបថា ក្រោយរកឃេីញម្ចាស់ខ្សែក្រវាត់មាសរដូវកាលទី ២ រួចរាល់ កម្មវិធី អធិរាជគុនខ្មែរ  ISI PALM - ISI PIPE នៅតែបន្តដំណើរការ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅដដែល ដោយអនុលោមតាមរូបមន្តថ្មី  គឺការប្រកួតដណ្តើមជេីងឯកម៉ារ៉ាតុនរៀងរាល់សប្ដាហ៍ យកប្រាក់លាន និងមេដាយមាស ព្រមទាំងមានការប្រកួតមិត្តភាព គូឯកជាតិ និងអន្តរជាតិដ៏ជក់ចិត្តដិតអារម្មណ៍ជាច្រេីនគូផ្សេងទៀត។ យុទ្ធនាការថ្មីនេះ នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យទី ១២ ខែកក្កដា ឆ្នាំ២០២០ តទៅ៕

អត្ថបទ៖  តាំង  លីហួរ រូបភាព៖ យ៉ុង សុផានិត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025