ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥

កូរ៉េខាងជើងថ្លែងថាខ្លួនបាញ់មីស៊ីលអន្តរទ្វីបដើម្បីទុកជាការព្រមានចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលកំពុងធ្វើសមយុទ្ធយោធា

កូរ៉េខាងជើងថ្លែងថាមូលហេតុដែលខ្លួនបាញ់មីស៊ីលអន្តរទ្វីបកាលពីម្សិលមិញដើម្បីទុកជាការព្រមានចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលកំពុងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ។ កូរ៉េខាងជើងថ្លែងថានេះជាការឆ្លើយតបដោយម៉ឺងម៉ាត់ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសដទៃ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង។

 

 

 

 

គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបាញ់កាលពីម្សិលមិញនោះម៉ាកវ៉ាសុងដប់ប្រាំពីរ (Hwasong-17) ក្រោមការបញ្ជាផ្ទាល់ពីលោកគីមជុងអ៊ុន និងកូនស្រីរបស់លោក។ មីស៊ីល ICBM នោះបាញ់ចេញពីទីក្រុងព្យុងយ៉ាង និងហោះហើររំលងឧបទ្វីបកូរ៉េទៅប្រទេសជប៉ុន ប៉ុន្មានម៉ោងមុនដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកូរ៉េខាងត្បូងទៅប្រទេសជប៉ុន។

 

ទូរទស្សន៍កូរ៉េខាងជើងផ្សាយថាការបាញ់មីស៊ីលនេះដើម្បីទុកជាការព្រមាន កុំឲ្យពួកសត្រូវរបស់យើងធ្វើខ្លាំងដៃពេក។ លោកគីមជុងអ៊ុនបានចោទប្រកាន់ថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងបង្កភាពតានតឹងកាន់តែខ្លាំងតាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា។

 

ប្រទេសចិនក៏ចោទប្រកាន់ផងដែរថាសហរដ្ឋអាមេរិកជាអ្នកធ្វើឲ្យមានភាពតានតឹង និងព្យាយាមដាក់សម្ពាធទៅលើកូរ៉េខាងជើង។

 

សូមជម្រាបថាវ៉ាសុងដប់ប្រាំពីរ (Hwasong-17) គឺជាគ្រាប់មីស៊ីលអន្តរទ្វីបដែលធំជាងគេរបស់កូរ៉េខាងជើង និងជាមីស៊ីលធំជាងគេនៅក្នុងពិភពលោកដែលប្រើប្រាស់ឥន្ធនៈរាវ និងអាចដឹកចល័តនៅលើរថយន្តបានយ៉ាងងាយស្រួល។

 

គេជឿជាក់ថាគ្រាប់មីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរទៅដល់គ្រប់ទីកន្លែងនៃទឹកដីសហរដ្ឋអាមេរិក។ វាអាចហោះបានកម្ពស់៦ពាន់គីឡូម៉ែត្រ និងចម្ងាយ១ពាន់គីឡូម៉ែត្រនៅក្នុងរយៈពេល៦៩នាទី៕

 

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025