ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ប្រធានាធិបតីអ៊ុយក្រែន លោកហ្សឺលែនស្គី សម្ដែងការអបអរសាទរយ៉ាងពេញទំហឹង បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីការតាមចាប់ខ្លួនលោកពូទីនពីបទសង្ស័យប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
លោកហ្សឺលែនស្គីចាត់ទុកថាចំណាត់ការនេះគឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ។ លោកចោទប្រកាន់ថាលោកពូទីនជាអ្នកធ្វើឲ្យមានការបណ្ដេញចេញទាំងបង្ខំនូវកុមារជនជាតិអ៊ុយក្រែនរាប់ពាន់នាក់។
លោកថ្លែងថាចំនួនកុមារពិតប្រាកដដែលត្រូវគេបណ្ដេញចេញទាំងបង្ខំពីប្រទេសអ៊ុយក្រែនទៅប្រទេសរុស្ស៊ីមានចំនួនច្រើនជាង១ម៉ឺន ៦ពាន់នាក់ទៅទៀត។ សូមរំឭកថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថាអាយស៊ីស៊ី (ICC) ចេញដីការចាប់ខ្លួនលើកនេះមិនមែនចាប់តែលោកពូទីនមា្នក់ប៉ុណ្ណោះទេ។ ប៉ុន្តែចាប់ខ្លួនលោកស្រីម៉ារីយ៉ាម្នាក់ទៀតដែលជាប្រធានគណៈកម្មការជាតិទទួលបន្ទុកសិទ្ធិកុមារ។
លោកពូទីន និងលោកស្រីម៉ារីយ៉ាត្រូវបានចោទប្រកាន់ថាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដូចគ្នា។ ប្រតិកម្មចំពោះបញ្ហានេះ, អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាដីការចាប់ខ្លួននេះគ្មានន័យខ្លឹមសារអ្វីទាំងអស់៕
ប្រែសម្រួល៖អន សំអាង