ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣

មន្ត្រីជាន់ខ្ពស់ធម្មការ ជំរុញសមណនិស្សិត និងនិស្សិតខំសិក្សា ដើម្បីក្លាយជាកោសិកាជាតិដ៏សំខាន់

១៤ មីនា ២០២៣ | ព័ត៌មានជាតិ


មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានជំរុញឱ្យសមណនិស្សិត និងនិស្សិត ត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះ ជំនាញ បទពិសោធន៍  ប្រកបដោយសីលធម៌ និងគុណភាពខ្ពស់ ដើម្បីក្លាយជាកោសិកាដ៏សំខាន់របស់ប្រទេសជាតិ។ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាថ្នាលដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សផ្នែកព្រះសង្ឃ និងនិស្សិតជាគ្រហស្ថ ឱ្យមានចំណេះដឹងលើវិស័យពុទ្ធចក្រក៏ដូចជាពុទ្ធចក្រ ដែលជាការរួមចំណែកដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងអត្ថសញ្ញាណជាតិ ។

 

 

ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ក៏ជាកន្លែងសម្រាប់សិក្សាវិន័យ បាលី អភិធម្ម ជាពិសេសឱ្យនិស្សិតចេះប្រតិបត្តិសីលធម៌ និងគុណភាព គឺជាគុណតម្លៃមួយដែលរាជរដ្ឋាភិបាលបានខិតខំជួយគាំទ្រទំនុកបម្រុងព្រោះថាការអភិវឌ្ឍប្រទេសជាតិមួយត្រូវការធនធានមនុស្ស ។ ប៉ុន្តែបើធនធនមនុស្សនោះមិនមានគុណធម៌ សីលធម៌ ទេនោះ ក៏មិនអាចអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនបានដែរ ។

 

 

នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅក្នុងពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៃសមណនិស្សិត និងនិស្សិត ពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី១៣មីនា ឆ្នាំ២០២៣ នេះ ។ 

 


ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត សេង សុមុនី បានជំរុញឱ្យសមណនិស្សិត និងនិស្សិតត្រូវខិតខំជួយខ្លួនឯងឱ្យមានចំណេះ ជំនាញ បទពិសោធន៍ការងារព្រមទាំងសីលធម៌ និងគុណភាព ដើម្បីក្លាយជាកោសិកាដ៏សំខាន់របស់ជាតិ ហើយថានាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនឱ្យបាន ១ លាន ៥ សែននាក់ហើយក្នុងនោះក៏មានការបណ្តុះបណ្តាលពីសីលធម៌ និងគុណធម៌ផងដែរ ដើម្បីឱ្យយុវជនមិនត្រឹមមានចំណេះជំនាញច្បាស់លាស់ប៉ុណ្ណោះទេ ក៏ថែមទាំងមានអាកប្បកិរិយាល្អស័ក្តិសមជាពលរដ្ឋល្អរស់នៅក្នុងប្រទេសមានប្រពៃណី និងទំនៀមទម្លាប់ល្អផូរផង់និងអរិយធម៌ខ្ពង់ខ្ពស់។

 


សមណនិស្សិត និងនិស្សិតដែលត្រូវការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនាពេលនេះ មានចំនួន ៣០៦ អង្គ និងនាក់ ហើយប្រការគួរឱ្យចាប់អារម្មណ៍មួយដែរ គឺក្នុងនោះមាននិស្សិតជាស្រ្តី ១៣៩ នាក់ ដោយសមណនិស្សិត និងនិស្សិតទាំងនេះ ការពារប្រធានបទចំនួន ៧៥ ក្នុង៨ ឯកទេស ។ នេះបើតាមការឱ្យដឹងរបស់ភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023