ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា តម្លៃលក់រថយន្តនៅក្នុងប្រទេសវៀតណាម គឺមានតម្លៃថ្លៃ ស្មើទៅនឹងជិត ២ដងនៃរថយន្តនៅក្នុងប្រទេសថៃ និងឥណ្ឌូនេស៊ី ដោយសារតែកត្តាពន្ធ។ យោងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម រថយន្តត្រូវជាប់ពន្ធលើការប្រើប្រាស់ ពិសេស ពន្ធលើតម្លៃបន្ថែម និងពន្ធនាំចូល លើកលែងតែរថយន្តដែលដំឡើងក្នុងស្រុក។
លើសពីនេះ យានជំនិះក៏ត្រូវបង់ថ្លៃផ្សេងៗផងដែរ ទាក់ទងនឹងការចុះបញ្ជី ការត្រួតពិនិត្យ ការថែទាំផ្លូវ ស្លាកលេខ និងការធានារ៉ាប់រងកាតព្វកិច្ចរដ្ឋប្បវេណី។
ក្រសួង បានបន្ថែមថា ហេតុផលមួយទៀតសម្រាប់តម្លៃខ្ពស់គឺ បរិមាណទាបនៃរថយន្តដែលបានដំឡើងក្នុងស្រុក ដោយកត់សម្គាល់ថា ក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសវៀតណាម កំពុងផលិតតិចជាងសមត្ថភាពរបស់ពួកគេ។
គិតត្រឹមដំណាច់ឆ្នាំ ២០២២ សមត្ថភាពផលិតរថយន្តសរុបរបស់ រោងចក្រផលិតរថយន្តនៅប្រទេសវៀតណាម មានចំនួន ៧៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយការវិនិយោគពីបរទេសមានចំនួន ៣៥% នៃចំនួនសរុបនោះ។អាជីវកម្មក្នុងមួយឆ្នាំៗ បាននាំចូលគ្រឿងបង្គុំ និងគ្រឿងបន្លាស់ដែលមានតម្លៃប្រហែល ៥ពាន់លានដុល្លារអាមេរិក សម្រាប់ការផលិត ការតម្លើង និងជួសជុលរថយន្ត។
យោងតាមក្រសួងឧស្សាហកម្មវៀតណាម បានឱ្យដឹងទៀតថា រថយន្តក្នុងស្រុកឥឡូវនេះ ស្ថិតក្នុងកម្រិតនៃការផ្គុំសាមញ្ញ ដោយភាគច្រើននៃខ្សែផលិតកម្ម រួមមាន ដំណាក់កាលសំខាន់ៗចំនួនបួន គឺការផ្សារការបាញ់ពណ៌ ការផ្គុំតម្លើង និងការត្រួតពិនិត្យ។ក្រសួង បានបន្តថា ឧស្សាហកម្មរថយន្តក្នុងស្រុកបច្ចុប្បន្ន ប្រឈមមុខនឹងទំហំទីផ្សារតូចមួយ ខណៈដែលមានអ្នកដំឡើងច្រើន និងម៉ូដែលរថយន្តផ្សេងៗគ្នាជាច្រើន ដែលបង្កការលំបាកដល់ក្រុមហ៊ុនក្នុងការវិនិយោគលើ ការផលិតទ្រង់ទ្រាយធំ។
ប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជាប្រទេសថៃ និងឥណ្ឌូនេស៊ី មានគោលនយោបាយទាក់ទាញគម្រោងវិនិយោគរថយន្តខ្នាតធំ ដោយដាក់សម្ពាធប្រកួតប្រជែងលើឧស្សាហកម្មវៀតណាម។ទោះជាយ៉ាងណាក៏ដោយ វៀតណាម នៅតែជាទីផ្សារប្រើប្រាស់រថយន្តដ៏មានសក្តានុពលនៅក្នុងតំបន់ ជាមួយនឹងអត្រាកំណើនជាមធ្យមពី ២០% ទៅ ៣០% ក្នុងមួយឆ្នាំ ដោយកាលពីឆ្នាំ ២០២២ ប្រទេសវៀតណាម បានវ៉ាដាច់ប្រទេសហ្វីលីពីន ដើម្បីក្លាយជាទីផ្សាររថយន្តធំទី៤ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ