ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន បានប្រាប់ភីអិនអិន នៅថ្ងៃទី២ ខែកក្កដានេះថា ចំពោះរថយន្តហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬហៅថាឆៀក នឹងត្រូវទទួលការផាកពិន័យបន្ថែមមួយផ្សេងទៀត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះរថយន្តធុនតូចជាលក្ខណៈគ្រួសារនឹងបង់ប្រាក់ពិន័យ ៥០០រៀលក្នុងមួយថ្ងៃ និងរថយន្តធុនធំ ២០០០រៀលក្នុងមួយថ្ងៃ។ ឯកឧត្តមបានបន្តថា ការអនុវត្តនេះ មិនធ្វើការពិន័យសម្រាប់រថយន្តហួសសុពលភាពឆៀក១ខែដំបូងនោះទេ ប៉ុន្តែសម្រាប់ដែលអ្នកហួសសុពលភាពឆៀកប៉ុន្មានឆ្នាំក៏ដោយ គឺគិតត្រឹមរយៈពេល២ឆ្នាំ សម្រាប់រថយន្តធុនស្រាល រីឯរថយន្តធុនធំ គិតត្រឹមរយៈពេល១ឆ្នាំ។
គួរបញ្ជាក់ថា នេះជាការពិន័យផ្សេងមួយទៀតពីខាងក្រសួងសាធារណការនៅតាមមណ្ឌលឆៀក ដាច់ដោយឡែកពីសមត្ថកិច្ច។ ការផាកពិន័យរបស់សមត្ថកិច្ចទៅលើរថយន្តហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀក គឺចំពោះរថយន្តធុនស្រាលចំនួន ១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន ៣៧ម៉ឺន៥ពាន់រៀល។
សូមជម្រាបដែរថា រយៈពេល៦ ខែឆ្នាំ២០២០នេះ ចំនួនរថយន្តដែលបានមកឆៀកមានចំនួនជិត ៣០ម៉ឺនគ្រឿង កើនឡើងទ្វេដង ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩មានប្រមាណតែ ១៥ម៉ឺនគ្រឿងប៉ុណ្ណោះ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ នៅមានរថយន្ដប្រហែល ៣០ម៉ឺនគ្រឿងទៀត នៅមិនទាន់បានមកឆៀកនៅឡើយទេ៕
អត្ថបទ៖ អឿន ភារ៉ា