ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
សមាគមស្វាយចន្ទីកម្ពុជា ស្នើអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការអនុវត្តគោលនយោបាយជាតិស្វាយចន្ទីឱ្យបានឆាប់ ខណៈបញ្ហាអាកាសធាតុមិនអំណោយផល ដូចការព្យាករកាលពីដើមឆ្នាំដែលនឹងធ្វើឱ្យទិន្នផលស្វាយចន្ទី ទំនងជាមិនប្រសើរជាងឆ្នាំ ២០២២ឡើយ។ នៅកម្ពុជាគ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់ ស្វាយចន្ទី ជាកសិផល ដែលបានផ្តល់តម្លៃបន្ថែមខ្ពស់ រួមជាមួយទស្សនវិស័យរយៈពេលវែង ។ ទៀតសោតជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។ ខណះការដាំដុះស្វាយចន្ទីនៅឆ្នាំនេះ ហាក់ប្រសើរជាងឆ្នាំ២០២២បន្តិច ប៉ុន្តែអាកាសធាតុនៅតែជាបញ្ហា ដែលអាចធ្វើឱ្យការប្រមូលផលស្វាយចន្ទីឆ្នាំនេះ មិនសូវជាប្រសើរជាងឆ្នាំមុន។
យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា តាមការប៉ាន់ស្មាន មានកសិករ ចំនួន ២ម៉ឺន២ពាន់នាក់ និងមាន ប្រជាជន ប្រមាណជា ៣ម៉ឺន៨ពាន់នាក់ កំពុងបម្រើការក្នុងខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី បូករួមទាំងកំលាំងពលកម្ម ប្រចាំរដូវផងដែរ ។ បច្ចុប្បន្ននេះ ទិន្នផលស្វាយចន្ទីស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាព មិនទាន់កែច្នៃប៉ុន្តែ វា អាចនឹងផ្តល់ការងារបន្ថែមចំនួន ១ម៉ឺននាក់ទៀត ប្រសិនបើផលិតផលគ្រាប់ស្វាយចន្ទីឆៅ ទូទាំងប្រទេសកម្ពុជា ត្រូវបាន កែច្នៃ និង វេចខ្ចប់ក្នុងស្រុក ។ ផលិតផល គ្រាប់ស្វាយចន្ទីឆៅ ក្នុងពិភពលោក មានការកើនឡើង ១២ដង ក្នុងរយៈពេល ៥០ ឆ្នាំចុង ក្រោយនេះ ពោលគឺ ចាប់ពីតិចជាង ៣សែនតោន ក្នុងឆ្នាំ ១៩៦១ ដល់ ៣,៧ លានតោន ក្នុងឆ្នាំ ២០០៨។
ការដាំដុះ មានការកើនឡើង នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយផលិតផលស្ទើរតែកើនឡើងទ្វេដង ពី ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារការកើនឡើង ២៧ ភាគរយ នៃផ្ទៃដីដាំដុះក្នុងពិភពលោក ហើយទិន្នផលជាមធ្យម ក្នុងពិភពលោកកើនឡើងជាង ៥០ភាគរយ។ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនផងដែរ។
លោក អួន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជា បានលើកឡើងថា សមាគមន៍ស្វាយចន្ទីកម្ពុជា សូមទម្លាក់ការព្យាករណ៍ទិន្នផលចន្លោះ ៥-៧ សែនតោន នាឆ្នាំ២០២៣ខាងមុខ។ ដោយសារអាកាសធាតុមិនអំណោយផល ដូចការព្យាករកាលពីដើមឆ្នាំ២០២៣ទេ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មេឃមិនអំណោយផល ដោយសារមានភ្លៀងធ្លាក់ដោយអន្លើៗ (អំឡុងខែមករា- កុម្ភៈ) មេឃអួអាប់ខ្លាំងធ្វើឱ្យចន្ទីគាំងក្តឹប ចេញផ្កា មិនស្រុះគ្នា ដែលធ្វើឱ្យសមាគមមានការបារម្ភថា កសិករនឹងបន្តកាប់ដើមស្វាយចន្ទីចោលបន្ថែមទៀត។ ដូចនេះសមាគមន៍ស្វាយចន្ទីកម្ពុជា សូមទម្លាក់ការព្យាករទិន្នផលចន្លោះពី ៥០ម៉ឺនតោន ទៅ៧០ម៉ឺនតោន នៅឆ្នាំ២០២៣នេះ។ ក្រៅពីបញ្ហាអាកាសធាតុហើយ បញ្ហាកើនឡើងនៃការចំណាយថ្លៃដើមទៅលើជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ក៏នៅជាបញ្ហាមួយទៀតសម្រាប់កសិករផងដែរ ។
សមាគមន៍ស្វាយចន្ទីកម្ពុជា គឺជាស្ថាប័នដែលអាចផ្តល់ព័ត៌មានដល់កសិករ ផ្តល់ដំបូន្មានបច្ចេកទេស ការដាំដុះ ស្វែងរកទីផ្សារសម្រាប់កសិករជាសមាជិក និងប្រមូលទិន្នន័យដើម្បីផ្តល់ជម្រើសសម្រាប់អ្នកវិនិយោគក្នុងវិស័យនេះ។ នៅក្នុងខែមករា ឆ្នាំ២០២២ ដោយសង្កេតឃើញថា ទិន្នផលស្វាយចន្ទីបានធ្លាក់ចុះពី ១០ទៅ៣០ ភាគរយ ហើយក្រោយមកបានធ្លាក់ចុះមកត្រឹម ៥០ភាគរយ។ លោកក៏បានស្នើទៅក្រសួងពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគោលនយោបាយស្វាយចន្ទីឱ្យបានឆាប់ ដោយលោកយល់ឃើញថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានការលើកទឹកចិត្តច្រើនដល់អ្នកដាំដុះស្វាយចន្ទី ជាពិសេសការពង្រីកទីផ្សារបន្ថែម។
គួររំលឹកបន្តិចថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដើម្បីអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ខណៈដែលបច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។
ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។ បើតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម (២០២១-២០២២) ដំណាំស្វាយចន្ទីបានដាំដុះលើផ្ទៃដីសរុបចំនួន ៤០៥ ៩៩១ហិកតា និងទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន៕ ដូចនេះទិន្នផលចន្ទី អាចកើនដល់ ៨០ម៉ឺនតោន ប្រសិនបើអាកាសធាតុ និងធាតុផ្សំមួយចំនួនទៀតមានលក្ខណៈល្អ បើធៀបហ្នឹងឆ្នាំ២០២២ បានត្រឹម ៦១ម៉ឺនតោន។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ផ្ទៃដីដៃដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណ៧០ម៉ឺនហិកតា ថយចុះ១០ម៉ឺនហិកតា បើធៀបនឹងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិអាកាសធាតុ និងការកើនឡើងនៃថ្លៃថ្នាំ និងជីកសិកម្ម ធ្វើឱ្យកសិកររងការខាតបង់ បណ្តាលឱ្យពួកគេកាប់ដើមចន្ទីចោល៕ ប៉ុន្តែរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៦ម៉ឺនតោន គិតជាទឹកប្រាក់ ១ ០៧៧លានដុល្លារថយចុះ ៣៤.៦៥% ឬប្រមាណ៣៥ម៉ឺនតោន បើធៀបឆ្នាំ២០២១។ ដោយឡែកនាំទៅវៀតណាមមានចំនួន ៦៤ម៉ឺនតោន ថយចុះ៣៧%។
អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារ