ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

ក្រុមហ៊ុន Toyota នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅអាមេរិក ត្រឹមឆ្នាំ ២០២៥

២២ កុម្ភៈ ២០២៣ | សេដ្ឋកិច្ច

 

ក្រុមហ៊ុន Toyota Motor នឹងចាប់ផ្តើមផលិតរថយន្តស្ព័រអគ្គិសនីខ្នាតមធ្យម នៅរោងចក្ររបស់ខ្លួន ក្នុងសហរដ្ឋអាមេរិក នៅដើមឆ្នាំ ២០២៥ ដែលមានបំណងផលិតប្រចាំខែលើសពី ១ម៉ឺនគ្រឿង។ប្រភពពីសារព័ត៌មាន Reuters បានគូសបញ្ជាក់ថា ក្រុមហ៊ុន Toyota មានគោលបំណងលក់រថយន្តអគ្គិសនីប្រមាណ ១លានគ្រឿង នៅទូទាំងពិភពលោកនៅឆ្នាំ ២០២៦។

 


អ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយថា ព័ត៌មានលម្អិតនេះ មិនមែនជាអ្វីដែលក្រុមហ៊ុនបានប្រកាសនោះទេ ហើយមិនទាន់មានការសម្រេចចិត្តថាតើ នៅពេលណាដែលការផលិតរថយន្តអគ្គិសនី នឹងចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិកនោះទេ។

 


ក្រុមហ៊ុន Toyota ធ្លាប់បានរំពឹងថា នឹងផលិតរថយន្តចំនួន ៩លាន ៧សែនគ្រឿងក្នុងឆ្នាំសារពើពន្ធ ២០២៣នេះ ប៉ុន្តែត្រូវបានបង្ខំឱ្យកាត់បន្ថយគោលដៅ កាលពីខែវិច្ឆិកា ដោយសារក្រុមហ៊ុននេះ ជួបការលំបាកជាមួយនឹងការកើនឡើងនៃតម្លៃសម្ភារៈ និងកង្វះខាតនៃបន្ទះឈីប។

 


ក្រុមហ៊ុនជប៉ុនមួយ កំពុងត្រួតពិនិត្យឡើងវិញថា តើខ្លួនអាចប្រកាន់ខ្ជាប់នូវ គោលដៅផលិតកម្មប្រចាំឆ្នាំរបស់ខ្លួន ដែលមានកំណត់ត្រាចំនួន ៩លាន ៧សែនគ្រឿងដែរឬទេ បន្ទាប់ពីក្រុមហ៊ុន ខកខានមិនអាចសម្រេចគោលដៅ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំសារពើពន្ធ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។

 


ក្រៅពីបញ្ហាកង្វះបន្ទះឈីប និងការរឹតបន្តឹងទាក់ទងនឹងកូវីដ១៩ បញ្ហាដទៃរួមមាន ការកើនឡើងអតិផរណា ការកើនឡើងអត្រាការប្រាក់ និងការកើនឡើងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារធំៗក៏បានធ្វើឱ្យចក្ខុវិស័យតម្រូវការរថយន្ត ធ្លាក់ចុះផងដែរ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025