ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនីបង្ហាញភាពកក់ក្តៅក្រោយសម្តេចតេជោ ហ៊ុន សែនផ្តល់ការព្យាបាលដោយឥតគិតថ្លៃ

២១ កុម្ភៈ ២០២៣ | កីឡា

 

ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបានបង្ហាញក្តីរំភើបរីករាយជាខ្លាំងប្រកបដោយភាពកក់ក្តៅបំផុត ជាពិសេសក្នុងពេលកម្ពុជាកំពុងត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យក្រសួងសុខាភិបាលរៀបចំគ្រែចន្លោះពី ១០០ ទៅ ២០០គ្រែ នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក្នុងការព្យាបាលកីឡាករ-កីឡាការិនី ដែលរងរបួសដោយសារការប្រកួត ដោយឥតគិតថ្លៃ និងមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។

 

លោក  កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា  យើងពិតជារំភើបរីករាយខ្លាំងណាស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន  បែបនេះ។ ក្នុងនាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រាប់ទាំងឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងមន្ត្រីគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ព្រមទាំងក្នុងនាមកីឡាករ កីឡាការិនីបាល់ទាត់ទាំងអស់ពិតជាមានក្តីមោទនភាព ដែលជាកម្លាំងចលករជំរុញដ៏ខ្លាំងក្លាបំផុត ក្នុងការលើកកម្ពស់ស្មារតី ទឹកចិត្តដល់កីឡាករ កីឡាការិនីកាន់តែខិតខំហ្វឹកហាត់ និងប្រកួតអស់ពីកម្លាំងកាយចិត្តបន្ថែមទៀត  ដោយមិនមានអារម្មណ៍ភ័យខ្លាចពីការរងរបួស។

 

លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ទៀតថា ការហ្វឹកហាត់នៅតាមបណ្តាក្លិបបាល់ទាត់ទូទាំងប្រទេស ក៏ដូចជាការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិនានា តែងតែកើតមានឡើងនូវការរងរបួស ដោយសារការប្រកួត ហើយវាតែងតែប៉ះពាល់ដល់ការហ្វឹកហាត់ និងការប្រកួតជាដើម ដោយប៉ះពាល់ដល់ថវិកាលើការព្យាបាលជាដើម។ «នេះជាការចំណាត់ការមួយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះពួកយើង ក្នុងការរៀបចំកន្លែងព្យាបាលត្រឹមត្រូវ ក្នុងមន្ទីរពេទ្យ ដោយឥតគិតថ្លៃ។ ក្នុងនាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡាកម្ពុជា ជាពិសេសចំពោះវិស័យកីឡាបាល់ទាត់ និងប្រដាល់គុនខ្មែរ ដែលរងរបួសច្រើនជាងគេ។

 

 

យោងតាមការប្រកាសលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កន្លងមកបងប្អូនកីឡាករ-កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់ ភរិយាសម្តេចតេជោបានផ្តល់ការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួន។

 

 

ដោយមើលឃើញនូវការលំបាកបែបនេះ សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ទៅ ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាម ស្ថានភាពរបួស។ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនិងអាចចូលរួមដល់ការប្រកួតស៊ីហ្គេម នាពេលខាងមុខ៕

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025