ថ្ងៃអង្គារ៍ ទី១៩ ខែសីហា ឆ្នាំ២០២៥

ទេព បូព្រឹក្ស សម្រេចចិត្តសម្រាលកូនដោយការវះកាត់ព្រោះហេតុផលសុខភាព!

១៧ កុម្ភៈ ២០២៣ | កម្សាន្ដ

 

ទីបំផុតតារាចម្រៀង ទេព បូព្រឹក្ស សម្រេចចិត្តជ្រើសរើសការសម្រាលកូនដោយការវះកាត់ ដោយសារបញ្ហាសុខភាព និងបានជឿជាក់លើក្រុមគ្រូពេទ្យក្នុងស្រុក មិនចេញទៅក្រៅប្រទេសនោះទេ។ 

 

តារាចម្រៀង ទេព បូព្រឹក្ស បានសម្រាលកូនប្រុសរបស់ខ្លួនប្រកបដោយសុវត្ថិភាពទាំងម្តាយនិងកូនកាលពីយប់ថ្ងៃទី ១៦ ខែ កុម្ហះ ឆ្នាំ ២០២៣ ម្សិលមិញនេះ ដោយនាងបានជ្រើសរើសការសម្រាលកូនដោយការវះកាត់ ព្រោះតែមានបញ្ហាសុខភាព ។ 

 


តាមពិតគូស្នេហ៍តារារ៉េប ល្បីឈ្មោះលោក ជី ដេវីត ក៏មានបំណងសម្រាលកូនតាមបែបធម្មជាតិដែរ។ ជាក់ស្តែងជួបជាមួយនាងមុនពេលសម្រាលកូន នាងធ្លាប់ប្រាប់ថា ប្រសិនបើសុខភាពនាងគ្មានបញ្ហាទេ គឺនាងមានបំណងសម្រាលកូនតាមបែបធម្មជាតិ ។

 


 តែយ៉ាងណាក៏ដោយដោយសារកត្តាសុខភាព នាងនិងគ្រួសារសម្រេចចិត្តជ្រើសរើសការសម្រាលកូនដោយការវះកាត់ ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន  ។ លោក ជី ដេវីត ជាគូស្នេហ៍បានប្រាប់ថា ពេលនេះ ទេព បូព្រឹក្ស និងកូនប្រុសខ្លួន មានសុខភាពល្អធម្មតា អ្នកទាំងពីរសម្រាកនៅមន្ទីរពេទ្យជាច្រើនថ្ងៃទៀតមុននឹងចេញទៅសម្រាកនៅផ្ទះ ។  

 


ទេព បូព្រឹក្ស មានការជឿជាក់ខ្លាំងទៅលើគ្រូពេទ្យជំនាញនៅក្នុងស្រុក ដូច្នេះហើយទើបនាងមិនចេញទៅសម្រាលកូននៅក្រៅប្រទេសដូចជាតារាល្បីៗមួយចំនួន  នាងពិតជារំភើបចិត្តខ្លាំងណាស់នៅពេលលឺសម្លេងយំរបស់កូនប្រុសខ្លួនជាលើកដំបូង ពីព្រោះនាងបានទន្ទឹងរងចាំពេលវេលានេះជាយូរមកហើយ ពេលនេះទើបនាងយល់ច្បាស់ពីអារម្មណ៍ធ្វើជាម្តាយគេ ។  

 


ទេព បូព្រឹក្ស និង លោក ជី ដេវីត បានដាក់ឈ្មោះកូនប្រុសរបស់ខ្លួនថា ទេព បញ្ចវរាប ហៅក្រៅថា  Albert មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានផ្ញើសារជូនពរតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ។

 


ទេព បូព្រឹក្ស នៅពុំទាន់ប្រាកដថា នឹងវិលត្រឡប់មកកាន់វិស័យសិល្បៈវិញនៅពេលណាមួយច្បាស់លាស់នៅឡើយទេ ដោយរងចាំមើលសុខភាពជាមុនសិន ប្រសិនបើសុខភាពនាងល្អប្រសើរលឿន នាងនឹងចេញធ្វើការភ្លាមៗ ពីព្រោះមុនពេលសម្រាលកូននាងបានចុះកុងត្រា និងទទួលធ្វើការងារផ្សេងឱ្យក្រុមហ៊ុនធំៗជាច្រើន តែអ្វីដែលសំខាន់សម្រាប់នាងក្នុងពេលនេះ សុំថែខ្លួន និងថែសុខភាពឱ្យរឹងមាំជាមុនសិន ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025