ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប្រកាសស្វាគមន៍គ្រប់ក្រសួងស្ថាប័នទាំងរដ្ឋ និងឯកជន ដែលមានបំណងរៀបចំបញ្ជីបច្ចេកសព្ទដែលពាក់ព័ន្ធនឹងការងារក្នុងវិស័យរបស់ខ្លួន អាចសហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការបកប្រែពន្យល់ពាក្យថ្មីៗទាំងនោះ ចៀសវាងការប្រើប្រាស់ពាក្យពេជន៍ខុសពីខ្លឹមសារ និងពិបាកយល់។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងក្នុងឱកាសសន្និសីទកាសែត ស្ដីវឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនានេះ នៅសាលមរតកសិល្បៈខ្មែរ អគាឥន្ទ្រទេវី។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណៈកម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន ១៧គណៈកម្មការ និងគណៈកម្មការជាតិភាសាខ្មែរមួយ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទថ្មីៗ ពីអ្នកជំនាញឯកទេសជាច្រើនរូប។ ឯកឧត្តមបានបន្តថា ចាប់ពីពេលនេះទៅ រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនអនុញ្ញាតឲ្យបញ្ជូនអ្នកជំនាញ ដើម្បីចូលរួមពិភាក្សាពីបច្ចេកសព្ទនៅក្រៅស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាឡើយ។
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ឯកឧត្តម ហ៊ាន សុខុម បានឲ្យដឹងថា មកដល់ពេលនេះ មានសន្ទានុក្រមចំនួន១១ ដែលមានការស្នើពីក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសនីយ៍ និងស្ថានប័នឯកជនមួយចំនួនទៀត ដើម្បីធ្វើការពិនិត្យ និងពន្យល់ពាក្យថ្មីៗ ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃក្នុងវិស័យរបស់ខ្លួន។ ឯកឧត្តមបានបន្ថែមថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តសហការជាមួយក្រសួង ស្ថាប័ននានា ដើម្បីអភិរក្ស និងអភិវឌ្ឍភាសាខ្មែរ៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ