ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែមករានេះ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សារៈសំខាន់នៃការស្រាវជ្រាវ»។ មន្ត្រីជាន់ខ្ពសនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវថា ការស្រាវជ្រាវ ជាការកំណត់អត្តសញ្ញាណនៃការរីកចម្រើនរបស់សង្គម។
«ការស្រាវជ្រាវ ជាការកំណត់អត្តសញ្ញាណ និងការរីកចម្រើនរបស់សង្គម ព្រោះសង្គមដែលរីកចម្រើនឥតឈប់ឈរមិនអាចបដិសេធនឹងការសិក្សាស្រាវជ្រាវបានទេ»។ នេះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា។
រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវរបស់ជាតិនៅថ្ងៃទី២៩ ខែមករានេះ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សារៈសំខាន់នៃការស្រាវជ្រាវ» ដែលការចូលរូមពីវាគ្មិនសំខាន់ៗ ដើម្បីចែករំលែកចំណេះដឹង និងបទពិស្រាវជ្រាវដល់និស្សិត និងសាធារណជនទូទៅ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងថា សង្គមកាលពីកន្លងទៅ មិនសូវទទួលស្គាល់ពីតម្លៃនៃការស្រាវជ្រាវនោះទេ ម៉្យាងទៀតសូម្បីតែនៅតាមសាកលវិទ្យាល័យ ការសិក្សាស្រាវជ្រាវក៏នៅមានកម្រិតផងដែរ។
តាមរយៈវេទិកានេះ មន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជារូបនេះ សង្ឃឹមថា នឹងជំរុញ ផ្លាស់ឥរិយាបទនិស្សិត និងសង្គមឲ្យទទួលយកស្មារតីអ្នកស្រាវជ្រាវ ស្មារតីអ្នកវិទ្យា ដើម្បីជំរុញផ្លាស់ប្តូរឲ្យប្រជាពលរដ្ឋមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ ត្រូវឆ្លងកាត់ការអានសៀវភៅ ឯកសារ ការតាមដាន និងការសង្កេតជាដើម។
ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការស្រាវជ្រាវនៅក្នុង វិស័យអប់រំ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម, សេដ្ឋកិច្ច, សង្គម និងបរិស្ថាន។
ឯកឧត្តមបានគូសបញ្ជាក់ថា ការស្រាវជ្រាវនៅកម្ពុជាទាមទារឲ្យមានការយកចិត្តដាក់់លើប្រសិទ្ធភាព គុណភាព និងបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីឲ្យទម្រង់ ខ្លឹមសារ សំណេរស្រាវជ្រាវឲ្យមានស្តង់ដាតំបន់ និងអន្តរជាតិ។ ដោយឡែក ការចូលរួមរបស់អ្នកជំនាញនៅមានកម្រិត និងត្រូវស្វែងរកការឯកភាពគ្នាលើគោលការណ៍ពង្រឹងគុណភាពអប់រំការស្រាវជ្រាវ របស់គ្រឹះស្ថានឧត្តមសិក្សាផងដែរ៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ