ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ទីបំផុត វ៉ាយ សម្រេចចិត្តចាកចេញពីទ្រនំ សាន់ដេ ហើយ ក្រោយជ្រកកោនទ្រនំនេះរយៈពេលជីត៦ឆ្នាំ។ ពេលនេះនៅមិនទាន់លេចតម្រុយថា លោកនឹងទៅជ្រកនៅទ្រនំផ្សេង ឬបន្តអាជីពជាតារាចម្រៀងឯករាជ្យទេ។
ក្រោយជ្រកកោនទ្រនំ សាន់ដេ អស់រយៈពេលជិត ៦ឆ្នាំ វ៉ាយ បានប្រកាសដើរចេញពីទ្រនំនេះ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ ម្ចាស់បទ «មួយលានហេតុផល» មិនបានឱ្យដឹងហេតុផលពីក្រោយការចាកចេញនោះទេ តែលោកបានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា លោកអាចមានបញ្ហា បាក់ទឹកចិត្ត ទើបចង់សម្រាកលំហែកាយបន្តិចសិន ដើម្បីមើលថែខ្លួនឯងឱ្យបានល្អប្រសើរជាទីបំផុត មុនពេលដែលលោកចូលច្រៀងវិញ។
យ៉ាងណា លោកបានបង្ហាញអារម្មណ៍សោកសៅចំពោះការសម្រេចចិត្តធ្វើបែបនេះ និងបានថ្លែងអំណរគុណក្រុមការងារដែលតែងជួយជ្រោមជ្រែងកន្លងមក។ ពេលនេះគេមិនទាន់ដឹងថា ក្រោយចាកចេញពី សាន់ដេ តារាចម្រៀងរូបសង្ហានេះ នឹងទៅជ្រកនៅទ្រនំផ្សេង ឬបន្តអាជីពជាតារាចម្រៀងឯករាជ្យនោះទេ តែលោកបានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា ពេលលោកមានកម្លាំងចិត្តឡើងវិញ លោកនិងក្រោកឈរបន្តក្តីស្រមៃ និងចេញបទចម្រៀងថ្មីឱ្យបងប្អូនទាំងអស់គ្នាស្តាប់កម្សាន្តបន្តទៀត។
រយៈពេលជិត៦ឆ្នាំដែល វ៉ាយ ជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោកមានបទចម្រៀងផ្ទុះៗជាច្រើនដូចជា «លៀសហាល» «សុំម៉ែដណ្តឹហសុខពិសី» «ផាត់ម្សៅ» «ខឹងចេក» «ចង់បានសង្សារគីឡូ 60» «បើសល់ដង្ហើម» «ញ៉ាញ់អើយ ស្រីញ៉ាញ់» «គីឡូអេតចាយ» «កំលោះជូរអែម» «កុំស្រលាញ់ចែអី» «មួយលានហេតុផល» និងបទជាច្រើនទៀត។
ច្រើនឆ្នាំមកនេះ ម្ចាស់បទ «កំលោះជូរអែម» បានលេចមុខតាមកម្មវិធីសិល្បៈ និងកម្មវិធីប្រគុំតន្ត្រីធំៗជាច្រើន ធ្វើឱ្យប្រជាប្រិយភាពលោកកើនឡើងយ៉ាងឆាប់រហ័ស។ កន្លងមក បទចម្រៀងលោកផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់ Tik Tok ដោយមានអ្នកយកទៅធ្វើត្រាប់តាមច្រើនជាហូរហែរ។គួររំលឹកផងដែរថា តារាចម្រៀងសាច់សរខ្ចី វ៉ាយ មានប្រភពមកពីខេត្តព្រៃវែង។ លោកជាបុគ្គលតែម្នាក់ក្នុងគ្រួសារដែលមានទេពកោសល្យ និងស្រលាញ់វិស័យសិល្បៈ ទាំងដែលក្រុមគ្រួសារទាំងមូលគ្មានឈាមជ័រជាអ្នកសិល្បៈអ្វីសោះឡើយ។
ដោយសារចិត្តស្រលាញ់ និងមានក្តីស្រម៉ៃចំពោះវិស័យសិល្បៈ វ៉ាយ ត្រូវបានអ្នកផ្ទះជម្រុញ និងលើកទឹកចិត្តបន្ថែមអំឡុងពេលចាប់ផ្តើម ដោយពីអតីតកាលតារាចម្រៀងរូបនេះធ្លាប់ជាអ្នកចម្រៀងប្រចាំ pub និងភោជនីយដ្ឋានរយៈពេលច្រើនឆ្នាំ មុនពេលជោគជ័យក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ។ ក្រោយប្រកាសដើរចេញពី សាន់ដេ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អ្នកគាំទ្ររង់ចាំមើលយ៉ាងអន្ទះសារ ព្រោះគ្រប់គ្នាចង់ដឹងថា វ៉ាយ នឹងឈានជើងចូលផលិតកម្មថ្មី ឬចាប់ផ្តើមដំណើរផ្លូវជាតារាចម្រៀងឯករាជ្យ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឯកសារ និងហ្វេសប៊ុក