ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
បច្ចុប្បន្នតារាចម្រៀងឯករាជ្យ លោក នូ ឧសភា មិនសូវមានបទចម្រៀងថ្មីបញ្ចេញលើទីផ្សារនោះទេ។ ការថយចុះការផលិតចម្រៀងរបស់ នូ ឧសភា មានហេតុផលជាច្រើន ដែលហ្វេនមិនធ្លាប់ដឹងនោះឡើយ។
បច្ចុប្បន្នតារាចម្រៀងឯករាជ្យ លោក នូ ឧសភា មិនសូវទម្លាក់បទចម្រៀងថ្មីលើទីផ្សារញឹកញាប់ទេ យូរៗម្តងទើបគេឃើញលោកចេញបទចម្រៀងថ្មីមួយមកកំដរអារម្មណ៍អ្នកគាំទ្រ។ តួយ៉ាង «ទោះបីឈឺក៏ព្រម» បទចម្រៀងទម្លាក់ចុងក្រោយបំផុតលើឆានែលយូធូបរបស់លោក ទទួលបានការគាំទ្រខ្លាំងគួរសមពីមហាជន។
តារាចម្រៀងខ្ពស់ស្រឡះនេះធ្លាប់ឱ្យដឹងថា លោកនៅមានបទចម្រៀងជាច្រើនទៀតត្រៀមកំដរអារម្មណ៍អ្នកគាំទ្រ ប៉ុន្តែនៅមិនទាន់កំណត់កាលបរិច្ឆេទបញ្ចេញជាផ្លូវការនៅឡើយទេ។
ការថយចុះការផលិតចម្រៀងនេះដែលត្រូវសាម៉ីខ្លួនឱ្យដឹងថា បច្ចុប្បន្នវិស័យសិល្បៈចម្រៀងនៅកម្ពុជាយើងមានការប្រកួតប្រជែងខ្លាំងពេក ធ្វើឱ្យពិបាខ្លាំង។ បើទោះបីជាផលិតចម្រៀងបានល្អ តែបញ្ចេញទៅមិនត្រូវពេលវេលាក៏បទនោះមិនផ្ទុះដែរ។
មួយវិញទៀតនោះ ដោយសារតែលោកផ្ទាល់ ដើរលើវិស័យភាពយន្តផងវិស័យចម្រៀងផង ធ្វើឱ្យវាមានភាពប្រទាញប្រទង់ខ្លាំង បើចង់ប្រឡូកវិស័យចម្រៀងឱ្យពេញទំហឹង គឺមិនអាចទេ ដូច្នេះទើបលោកបានត្រឹមបញ្ចេញនូវអ្វីដែលលោកស្រលាញ់ឱ្យទៅអ្នកគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបានតែប៉ុណ្ណោះ។
ត្បិតបច្ចុប្បន្នលោកមមាញឹកការសម្តែងច្រើន ប៉ុន្តែរវាងការច្រៀង និងការសម្តែង លោកមិនអាចបោះបង់ចោលមួយណានោះទេ មួយណាមានប្រជាប្រិយភាពជាងលោកប្រឡូកវិស័យនោះច្រើនជាងតែប៉ុណ្ណឹង។
ឆាប់ៗនេះ អ្នកគាំទ្រនឹងបានឃើញស្នាដៃភាពយន្តថ្មីរបស់លោកជាច្រើន ដែលក្នុងនោះមានទាំងរឿងភាគ និងរឿងដុំសម្រាប់ចាក់តាមរោងភាពយន្ត។ ចម្រៀង និិងតារាសម្តែងរូបនេះអះអាងថា ស្នាដៃភាពយន្តថ្មីនេះពិតជាថ្មីហើយប្លែកសម្រាប់ចក្ខុអ្នកគាំទ្រ ព្រោះលោកបានលះបង់រូបរាងកាយ ប្រឹងសម្រកគីឡូឱ្យស្គម ដើម្បីឱ្យត្រូវនិងបុគ្គលិកលក្ខណៈរបស់តួអង្គក្នុងរឿងនោះ។ លោកជឿជាក់ថា ទស្សនិកជននឹងពេញចិត្តស្នាដៃរឿងថ្មីៗរបស់លោកនៅពេលចាក់បញ្ចាំង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឯកសារ