ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រេចបានជាង ២ម៉ឺនក្នុងដំណាក់កាលទី ១

២៥ មករា ២០២៣ | សេដ្ឋកិច្ច

 

 

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣នេះ ក្រុមហ៊ុនចំនួន ២ម៉ឺន ១ពាន់ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការអនុម័ត ដែលមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក។

 

 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមានរយៈពេលជាង ២ឆ្នាំហើយ គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន។អំឡុងពេលនេះ ចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្ម មានជាង ២ម៉ឺន ១ពាន់ មានដើមទុនចុះបញ្ជីសរុប ៦ពាន់លានដុល្លារអាមេរិក ខណៈចំនួននាមករណ៍បម្រុងទុក មានជាង ១ម៉ឺន ៣ពាន់។

 


ចំពោះ អាជីវកម្មដែលបានចុះបញ្ជីតាមវិស័យ គឺមានវិស័យ ៥ លេចធ្លោជាងគេ រួមមាន ការសាងសង់អគារ មាន ១៧% គិតជាទឹកប្រាក់ ១ពាន់លានដុល្លារ, សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានជាង ១២% គិតជាទឹកប្រាក់ជាង ៧០០លានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មាន ៦% គិតជាទឹកប្រាក់ ៣៤៧លានដុល្លារ, អន្តរការីរូបិយវត្ថុ មាន ៥%, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មាន ៥%, និងវិស័យផ្សេងទៀតប្រមាណ ៥៥% នៃដើមទុនចុះបញ្ជីសរុប។

 


ដោយឡែក ចំពោះទំហំវិនិយោគដែលធំជាងគេ គឺនៅក្នុងវិស័យសាងសង់ មានដល់ទៅ ២១% នៃទំហំវិនិយោគសរុប។ជាមួយគ្នានេះ នៅក្នុងដំណាក់កាលទី ២ ចំនួនពាក្យស្នើសុំអនុម័តសរុប មានចំនួន ៤៣១ ដែលបានធ្វើតាមរយៈស្ថាប័នចំនួន ៤ រួមមាន ក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024