ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ម្ចាស់មេដាយសំរឹទ្ធ៣គ្រឿងវ៉ូវីណាមប្តេជ្ញាពុះពារ ដើម្បីមេដាយ ស៊ីហ្គេម ២០២៣ 

២៥ មករា ២០២៣ | កីឡា

 

ម្ចាស់មេដាយសំរឹទ្ធ៣គ្រឿងកីឡាវ៉ូវីណាម ក្នុងស៊ីហ្គេម ២០២២ នៅប្រទេសវៀតណាម កីឡាការិនី ពៅ សុខា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តការពុះពារហ្វឹកហាត់ឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយជូនជាតិ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

 

 

កីឡាការិនី ពៅ សុខា បានលើកឡើងថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលត្រៀមស៊ីហ្គេម ២០២៣ សុទ្ធតែមានឆន្ទៈដ៏មោះមុត មិនខ្លាចការនឿយហត់ ដើម្បីសម្រេចលទ្ធផលជាមេដាយជូនប្រទេសជាតិ ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។

 

 

ម្ចាស់មេដាយសំរឹទ្ធ៣គ្រឿងស៊ីហ្គេម ២០២២រូបនេះក៏បានស្នើសុំដល់ប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាផ្ទាល់ ក្នុងពេលប្រកួតស៊ីហ្គេម នៅកម្ពុជាយើង ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិ ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ពីព្រោះថា ការទទួលធ្វើម្ចាស់ផ្ទះនេះគឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ គួរបញ្ជាក់ថា កីឡាការិនី ពៅ សុខា ដែលដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿងពីស៊ីហ្គេម ២០២២ គឺលើវិញ្ញាសាសម្តែងដាវគូនារី, គុនដាវនារី ឯកត្តជន និងសម្តែងការពារខ្លួន គូនារី គ្មានអាវុធ៕

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024