ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រដាល់សកលកម្ពុជា បំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត

២៥ មករា ២០២៣ | កីឡា

 

ភ្នំពេញ ៖ កំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រដាល់សកលកម្ពុជា ក្នុងការចូលរួមប្រកួតកម្រិតអាស៊ី បានលេចចេញបន្តើរៗហើយ ខណៈកីឡាករកម្ពុជាពីររូបធ្វើបានយ៉ាងល្អ ដោយក្នុងនោះកីឡាករកម្ពុជាម្នាក់បានឈានដល់វគ្គផ្តាច់ព្រ័ត្រ រងចាំការប្រកួតដណ្តើមមេដាយមាស និងម្នាក់ទៀត ទទួលបានមេដាយសំរឹទ្ធ នៅប្រទេសថៃ។

 

 

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអោយដឹងថា ចំពោះការបញ្ជូនអត្តពលិកចូលរួមការប្រកួតនេះ គឺជាផែនការយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ សម្រាប់ការវាស់ស្ទង់បច្ចេកទេស ពួកគាត់ ដើម្បីឈានឆ្ពោះទៅ ទទួលបានមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នាពេលខាងមុខនេះ ហើយក៏ជាការប្រកួត កម្រិតអាស៊ីចុងក្រោយផងដែរ ។

 

 

លោក ប៊ុយ សោភ័ណ្ឌ បញ្ជាក់ទៀតថា នេះជាការវាស់ស្ទង់ចុងក្រោយ សម្រាប់ យើងឆ្ពោះទៅត្រៀមចូលរួមការប្រកួត ស៊ីហ្គេម ដូច្នេះសម្រាប់ការបញ្ជូនអត្តពលិកចូលរួមប្រកួតលើកនេះ សហព័ន្ធរំពឹងថា អត្តពលិក ទាំងអស់នឹងទទួលបានលទ្ធផលល្អ ជាពិសេសអាចបំបែកកំណត់ត្រា ដើម្បីទទួលបានមេដាយ កម្រិតណាមួយ ដែលពីមុនមកសហព័ន្ធមិនធ្លាប់ទទួលបាននោះទេ ។

 

អគ្គលេខាធិការសហព័ន្ធ រូបនេះបញ្ជាក់អោយដឹងថា កំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រដាល់សកលកម្ពុជា ក្នុងការចូលរួមប្រកួតកម្រិតអាស៊ី ដោយកីឡាករកម្ពុជា រ៉ាចាពៅ អាប់ដុលឡា ទម្ងន់ ៩២ គ.គ្រ កីឡាករមូស្លីមកូនកាត់អុយបេគីស្ថាន បានឈានដល់វគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះកីឡាករប្រទេស Kyrgyzstan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានមេដាយប្រាក់ក្នុងដៃ។

 

ដោយឡែក កីឡាករ ពេញ វណ្ណថង ក៏ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង បន្ទាប់ពីចាញ់កីឡាករកាហ្សាក់ស្ថាន ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា។ នេះជាជោគជ័យ និងកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់សហព័ន្ធក្នុងការឈានឆ្ពោះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ។

 

សូមជម្រាប់ជូនថា សហព័ន្ធប្រដាល់សកលកម្ពុជាបានបញ្ជូន អត្តពលិកចូលរួមប្រកួតកីឡាប្រដាល់សកល ជើងឯកអាស៊ី អាយុក្រោម២២ឆ្នាំ ដែលរៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅប្រទេសថៃនេះ សរុប៤នាក់ កីឡាករចំនួន ៣រូប រួមជាមួយកីឡាការិនី១រូប ។ ខណៈដែលព្រឹត្តិការន៍ខាងលើនេះ មាន២១ប្រទេសចូលរួម មកពីបណ្ដាទ្វីបអាស៊ី ជាមួយនឹងកីឡាករ កីឡាការិនីសរុប ២៤៣នាក់ ។

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024