ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

នូ ឧសភា និង ម៉ូនី វិជ្ជរ៉ា ត្រៀមប៉ះគ្នាក្នុងរឿងភាគថ្មីរបស់ PNN

១៣ មករា ២០២៣ | កម្សាន្ដ


ឆាប់ៗនេះទស្សនិកជននឹងបានទស្សនាស្នាដៃរឿងភាគទី១របស់ កម្លោះសង្ហា នូ ឧសភា និងស្រីស្រស់ ម៉ូនី វិជ្ជរ៉ា គឺរឿង «សង្គៀមមហិច្ឆតា» លើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិននាពេលឆាប់ៗនេះ។ តារាសម្តែងរាងខ្ពស់ស្រឡះ លោក នូ ឧសភា និងតារាសម្តែងរូបស្រស់ ម៉ូនី វិជ្ជរ៉ា កំពុងត្រៀមបង្ហាញខ្លួនក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ចំណងជើង «សង្គៀមមហិច្ឆតា»។

 


«សង្គៀមមហិច្ឆតា» នឹងលាតត្រដាងពីមហិច្ឆតារបស់មនុស្សរៀងៗខ្លួន។ ជាក់ស្តែង រឿងនេះនឹងបង្ហាញឱ្យឃើញពីមហិច្ឆិតារបស់មនុស្សគ្រប់គ្នា និងការតស៊ូពុះពារ ធ្វើយ៉ាងណាដើម្បីបំពេញក្តីស្រម៉ៃ និងមហិច្ឆតានោះឱ្យក្លាយជាការពិត។ 

 

 

តួឯកប្រុសស្រីទាំង២រូបឱ្យដឹងថា នេះជាលើកដំបូងបង្អស់ដែលអ្នកទាំងពីរមានឱកាសបានសម្តែងរួមគ្នា ព្រោះកន្លងមកអ្នកទាំងពីរមិនស្គាល់គ្នាទាល់តែសោះ ដូច្នេះគ្រប់យ៉ាងហាក់ថ្មីប្លែកសម្រាប់អ្នកទាំងពីរ។ ពេលថតប៉ះគ្នាដំបូងៗមានផលលំបាកច្រើនណាស់ ព្រោះមនុស្សមិនធ្លាប់ស្គាល់គ្នារៀងអៀនគ្នា។

 

 

រីឯ តួឯកស្រីរាងតូចច្រឡឹង ម៉ូនី វិជ្ជរ៉ា វិញ លើកឡើងថា ផលលំបាកខ្លាំងក្នុងការថតជាមួយតួឯកប្រុសមុខជ្រុងៗនេះ គឺលោកពូកែធ្វើឱ្យសើច ដូចនេះប្លង់ខ្លះត្រូវថត ២-៣ដង ទម្រាំអាចយកប្រើការបាន តួឯកប្រុសរឿងនេះបន្តថា រឿងនេះពិសេសណាស់ ព្រោះតួអង្គដែលលោកសម្តែងស្រដៀងគ្នានិងជីវិតពិតលោកតែម្តង ជាមនុស្សដែលតស៊ូលើផ្នែកចម្រៀង។
 

 

 

តារាសម្តែងកំពុងមានប្រជាប្រិយភាពទាំងពីររូប សង្ឃឹមថា ទស្សនិកជននឹងចូលចិត្តសាច់រឿងភាគថ្មីដែលអ្នកទាំងពីរសម្តែងរួមគ្នានាពេលនេះ។ក្រៅពី លោក នូ ឧសភា និងកញ្ញា ម៉ូនី វិជ្ជរ៉ា នៅមានតួអង្គសំខាន់ៗជាច្រើនរូបទៀត ដែលនឹងមកទាញប្រទាក់សាច់រឿងនេះឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍សម្រាប់អ្នកទស្សនា។  រឿង «សង្គៀមមហិច្ឆតា» លើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិននាពេលឆាប់ៗនេះ កុំភ្លេចរង់ចាំតាមដានទស្សនាស្នាដៃរឿងភាគថ្មីរបស់ ម៉ូនី វិជ្ជរ៉ា និងលោក នូ ឧសភា ស្នាដៃទាំងអស់គ្នា៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024