ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

សហព័ន្ធវាយកីឡាវាយសីកម្ពុជា គ្រោងរៀបចំការប្រកួតកីឡាវាយសី ពានរង្វាន់៧មករា លើកទី២៣ នៅខេត្តត្បូងឃ្មុំ

២៣ ធ្នូ ២០២២ | កីឡា

 

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយសីកម្ពុជា គ្រោងរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២៣ នាអំឡុងខែមករា ឆ្នាំ២០២៣ នៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តត្បូងឃ្មុំ ។ នេះបើតាមការបង្ហើបអោយដឹងពីឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា កាលពីពេលថ្មីៗនេះ ។

 


ថ្លែងប្រាប់ PNN Sport ពីអគាគណកម្មការជាតិអូឡាំពិក ឯកឧត្តម ជាម សុភា បានអោយដឹងថា ចំពោះផែនការរបស់សហព័ន្ធ យើងតែងតែរៀបចំការប្រកួតកីឡាវាយសី អបអរទិវា៧មករា ជារៀងរាល់ឆ្នាំ ខណៈការប្រកួតនៅឆ្នាំនេះយើងនឹងរៀបចំឡើងនៅខេត្តត្បូងឃ្មុំ នាអំឡុងខែមករា ឆ្នាំ២០២៣តែមិនទាន់ប្រាកដថ្ងៃប្រកួតនៅឡើយទេ ។ ឯកឧត្តមអគ្គលេខាធិការ បញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណង បំផុសកីឡាករ កីឡាការិនី ក៏ដូចជាមនុស្សចាស់ដែលស្រលាញ់កីឡាវាយសី អោយដឹងថា ថ្ងៃ៧មករា ជាជីវិតទី២របស់យើងទាំងអស់គ្នា មិនត្រឹមតែប៉ុណ្ណោះការប្រកួតនេះក៏ដើម្បីអបអរសាទរ ជ័យជំនះ៧មករា ដែលយើងបានរស់រានមានជីវិតឡើងវិញ ។

 

 

ការប្រកួតពានរង្វាន់៧មករានេះ យើងបានរៀបចំតាំងពីឆ្នាំ២០០១មកម្លេះ ហើយការប្រកួតនាថ្ងៃខាងមុខជាលើកទី២៣ហើយ ដែលយើងបានរៀបចំមិនដែលអាក់ខាននោះទេ បើទោះបីជាមានបញ្ហារីករាលដាល នៃជំងឺកូវីដយ៉ាងណាក៏ដោយ។គួររំលឹកថា កាលពីឆ្នាំមុនសហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា នៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ខណៈការប្រកួតនាពេលខាងមុខគ្រោងរៀបចំនៅខេត្តត្បូងឃ្មុំ ។

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025