ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

លក្ខខណ្ឌនៃក្រុម៣ ដែលអាចឈ្នះពានលីគកំពូលកម្ពុជាឆ្នាំ២០២២

០១ ធ្នូ ២០២២ | កីឡា


ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា កាន់តែតានតឹងក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី២៦ កាលពីចុងសប្តាហ៍កន្លងទៅ ។ ដោយក្នុងនោះ ភ្នំពេញក្រោន បានយកឈ្នះ វិសាខា ដើម្បីឡើងទៅឈរនៅកំពូលតារាង ក្រោយវិសាខា កាន់កាប់កំពូលតារាងបាន២សប្តាហ៍ ។ សំរាប់លទ្ធផលនៃការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅនោះ ភ្នំពេញក្រោន បានយកឈ្នះ វិសាខា ៣ទល់នឹង២ រីឯ ព្រះខ័នរាជស្វាយរៀង ក៏បានយកឈ្នះ បឹងកេត ២ទល់នឹង១ ផងដែរ ។

 

 

លទ្ធផលនេះ បានធ្វើអោយក្រុម ភ្នំពេញក្រោន វិសាខា និង ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ដូចគ្នា តែបើគិតទៅលើ Head to Head ភ្នំពេញក្រោន ឈរនៅលេខរៀងទី១ វិសាខា ឈរនៅលេខរៀងទី២ និង ព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី៣ រីឯ បឹងកេត មានតែ៣៩ពិន្ទុប៉ុណ្ណោះ ដោយអស់ឱកាសប្រជែងជើងឯកទៅហើយ ។ សំរាប់ក្រុមដែលនៅមានឱកាសក្នុងការប្រជែងជើងឯករដូវកាលឆ្នាំ២០២២នេះ រួមមាន ភ្នំពេញក្រោន វិសាខា និង ព្រះខ័នរាជស្វាយរៀង ។

 

 

សូមបញ្ជាក់ថា ភ្នំពេញក្រោន គឺជាក្រុមដែលមានឱកាសច្រើនជាងគេក្នុងការឈ្នះពានលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២២នេះ ដោយពួកគេ ត្រូវការឈ្នះបឹងកេតនៅប្រកួតចុងក្រោយនេះ ដែលនឹងធ្វើឡើងនៅក្នុងដីខ្លួនឯង ខណៈដែលបឹងកេត ជាក្រុមដែលអស់ឱកាសក្នុងការប្រជែងទៅហើយ ។ រីឯ វិសាខាវិញ ករណីបើពួកគេឈ្នះពាន លុះត្រាតែ ពួកគេយកឈ្នះ ព្រះខ័នរាជស្វាយរៀង ហើយ ភ្នំពេញក្រោន ចាញ់ រឺ ស្មើ បឹងកេត ។ ដោយឡែកសំរាប់ ព្រះខ័នរាជស្វាយរៀង អាចឈ្នះពានបាន លុះត្រាតែ ពួកគេយកឈ្នះវិសាខា ហើយ ភ្នំពេញក្រោន ចាញ់ រឺ ស្មើ បឹងកេត ។

 

 

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី២៧ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ចុងសប្តាហ៍នេះ ដោយភ្នំពេញក្រោន នឹងត្រូវ ទទួល ភ្ញៀវ បឹងកេត នៅកីឡដ្ឋាន Smart RSN រីឯ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប វិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន ខណៈដែលការប្រកួតទាំងពីរគូធ្វើនៅម៉ោង ៦:៣០ នាទី ល្ងាចដូចគ្នា ៕

 

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024