ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

តុលាការជប៉ុន៖បំរាមអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របទៅតាមរដ្ឋធម្មនុញ្ញ

តុលាការទីក្រុងតូក្យូនៃប្រទេសជប៉ុននៅថ្ងៃពុធ(៣០វិច្ឆិកា) បានសម្រេចថា បំរាមទៅលើអាពាហ៍ពិពាហ៍ភេទដូចគ្នា គឺស្របទៅតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែតុលាការជប៉ុន ក៏បានលើកឡើងថា កង្វះកិច្ចការពារផ្នែកច្បាប់សម្រាប់ក្រុមគ្រួសារភេទដូចគ្នា គឺជាការបំពានសិទ្ធិមនុស្សរបស់ពួកគេ។

 


 

 

 

ការលើកឡើងពីបញ្ហាកង្វះកិច្ចការពារផ្នែកច្បាប់ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ពួកគេ បានចាត់ទុកថា នេះជាជំហានមួយ ឆ្ពោះទៅមុខរបស់ប្រទេសជប៉ុនទៅលើបញ្ហាសិទ្ធិអាពាហ៍ពិពាហ៍របស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលអាចឱ្យប្រទេសជប៉ុនផ្តល់កិច្ចការពារសិទ្ធិ​​អាពាហ៍ពិពាហ៍ របស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឱ្យដូចទៅនិងក្រុមបណ្តាប្រទេសG7ផ្សេងទៀតនាពេលអនាគតខាងមុខ។

 

ប្រទេសជប៉ុន គឺជាប្រទេសតែមួយគត់នៅក្នុងក្រុមប្រទេសឧស្សាហកម្មG7  ដែលមិនអនុញាតិឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ហើយរដ្ឋធម្មនុញ្ញរបស់ ប្រទេសជប៉ុន បានកំណត់ថា អាពាហ៍ពិពាហ៍ជាការយល់ព្រមគ្នាទៅវិញទៅមករវាងភេទទាំងពីរ។

 

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនFumio Kishida  បានបង្ហាញថា គ្មានផែនការពិនិត្យឡើងវិញលើបញ្ហាអាពាហ៍ពិពាហ៍ភេទដូច ឬក៏ស្នើផ្នែកច្បាប់ឡើយ បើទោះជាមានសមាជិកជាន់ខ្ពស់ក្នុងគណបក្សជាច្រើនរូបបានគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នាក៏ដោយ។

 

 

 

 

 

សាលក្រមកាលពីថ្ងៃពុធរបស់តុលាការទីក្រុងតូក្យូ បានលើកឡើងថា ស្របពេលបំរាមលើអាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របរដ្ឋធម្មនុញ្ញនោះ អវត្តមានប្រព័ន្ធច្បាប់ ក្នុងការការពារគ្រួសារភេទដូចគ្នា គឺជាការមិនគោរពសិទ្ធិមនុស្សរបស់ពួកគេ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024