ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មាន់២ក្បាលទទួលបានសិទ្ធិរួចផុតពីការស្លាប់ពីលោកបៃដឹន ដើម្បីអបអរសាទរពិធីបុណ្យអរគុណ

ដើម្បីអបអរសាទរពិធីបុណ្យអរគុណ លោកចូបៃដឹនបានផ្ដល់សិទ្ធិពិសេសសម្រាប់មាន់២ក្បាលដែលអាចរួចផុតពីការសម្លាប់ធ្វើម្ហូបពេញ១ជីវិត ដើម្បីឲ្យពួកវាស្លាប់តាមក្រឹត្យក្រមធម្មជាតិ។ នេះជាទំនៀមទម្លាប់នៅក្នុងថ្ងៃបុណ្យអរគុណ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកតែងតែផ្ដល់ការអនុគ្រោះពិសេសសម្រាប់មាន់ទោ ឬមាន់តួកគីចំនួន២ក្បាលនៅក្នុង១ឆ្នាំៗ។

 

 

 

 

សត្វមាន់ទាំងនេះត្រូវគេជ្រើសរើសមកពីរដ្ឋណោះការ៉ូឡាយណា(North Carolina)១ក្បាលឈ្មោះសូកូឡា និង១ក្បាលទៀតឈ្មោះឈីប(Chip)។ ពួកវាអាចរួចផុតពីការសម្លាប់ដើម្បីយកមកធ្វើម្ហូបនៅក្នុងថ្ងៃបុណ្យអរគុណចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយៗទៀត។ ជំនោរខែវិច្ឆិកាបោកបក់នៅសួនច្បារខាងត្បូងសេតវិមានដែលមានសីតុណ្ហភាពត្រជាក់ស្រៀវដល់ឆ្អឹងខ្នង, លោកបៃដឹនក៏មិនចង់សំកុកសំកឹងយូរពេកដែរនៅក្នុងពិធីនោះ។

 

លោកថាមនុស្សគ្រប់គ្នាមិនចង់ឃើញសត្វមាន់តួកគីទាំងនេះរងាញ័រញាក់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍, ពលរដ្ឋអាមេរិកាំងខ្វៃ ឬអាំងមាន់តួកគីរាប់លានក្បាលនៅទូទាំងប្រទេសដើម្បីបរិភោគជុំគ្នាជាលក្ខណៈគ្រួសារ និងមហាសាមគ្គីនៅក្នុងថ្ងៃបុណ្យអរគុណ។

 

គេជ្រលក់សាច់មាន់ដ៏ឆ្ងាញ់ពិសានៅក្នុងទឹកជ្រលក់ដែលធ្វើយ៉ាងពិសេស អមដោយការបរិភោគភោជនាហារជាច្រើនមុខទៀតមានបង្អែម ចំអាបផ្សេងៗ រួមទាំងស្ងោរស៊ុបដំឡូងបារាំង និងសណ្ដែកខៀវផងដែរ។ ប៉ុន្តែសំណាងណាស់, មាន់ទោសូកូឡា ដែលមានទម្ងន់២១គីឡូក្រាម និងឈីបដែលមានទម្ងន់២១គីឡូបីខាំ អាចរស់នៅដោយសុខសប្បាយជារៀងរហូតដល់ទីអវសាននៃជីវិតរបស់ពួកវានៅឯលំនៅដ្ឋានថ្មីនៃសាកលវិទ្យាល័យណោះការ៉ូឡាយណា។

 

 

 

 

 

 

កាលពីឆ្នាំ២០២១, លោកបៃដឹនផ្ដល់អភ័យឯកសិទ្ធិរួចផុតពីការកាប់សម្លាប់សម្រាប់សត្វមាន់ទោ២ក្បាលដែលយកមកពីរដ្ឋអ៊ីនឌីអាណា(Indiana) ១ក្បាលឈ្មោះភីណាត់បាត់ថឺ(Peanut Butter) និង១ក្បាលទៀតឈ្មោះជេលី(Jelly)។

 

ពិធីផ្ដល់សិទ្ធិរួចផុតពីការកាប់សម្លាប់សម្រាប់សត្វមាន់បានរៀបចំជាផ្លូវការជាលើកដំបូងកាលពីឆ្នាំ១៩៨៩។ កាលនោះ អតីតប្រធានាធិបតីចចប៊ូស ផ្ដល់សិទ្ធិរួចផុតពីការសម្លាប់សម្រាប់សត្វមាន់តួកគី១ក្បាល។ ឆ្នាំ២០២០ លោកត្រាំផ្ដល់អភ័យឯកសិទ្ធិរួចផុតពីការសម្លាប់សម្រាប់មាន់ឈ្មោះខន(Corn)ទម្ងន់១៩គីឡូក្រាម៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024