ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

អបអរសាទ “គុនល្បុក្កតោ” ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO

៣០ ​វិច្ឆិកា ២០២២ | កីឡា

 

ចូលរួមអបអរសាទ ក្បាច់“គុនល្បុក្កតោ” ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។

 

 

បន្ទាបពីទទួលបានដំណឹងថា ក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ “គុនល្បុក្កតោ” ត្រូវបានអង្គការយូណេស្កូ (UNESCO) ទទួលស្គាល់ និងដាក់បញ្ចូលជាផ្លូវការ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO 

 

 

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការ CAMSOC, NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានមានប្រសាសន៍ថា «ក្នុងនាមអតីតកីឡាករជម្រើសជាតិ នៃកីឡាអូឡាំពិកម្នាក់ ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាសកម្មជននៃការរៀបចំគុនល្បុក្កតោ និងក៏ជាស្ថាបនិកម្នាក់ ខ្ញុំសូមអបអរសាទរ និងមានក្ដីសោមនស្សរំភើបរីករាយយ៉ាងខ្លាំង ចំពោះការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO នៅពេលនេះ»។

 


ក្នុងនាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC ឯកឧត្តមបានសម្ដែងការអបអរសាទរ និងរំភើបរីករាយក្រៃលែង ចំពោះការដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ការដាក់បញ្ចូលនេះ គឺជាការបន្ថែមនូវគុណតម្លៃដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់កម្ពុជា ដែលដាក់កីឡា គុនល្បុក្កតោ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ។

 


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា «ព្រលឹងរបស់ដូនតាយើង បានកក្រើកឡើងវិញហើយ និងបានឈានដល់កម្រិតនៃការដាក់ឲ្យមានការថែរក្សានៅលើពិភពលោក។ គុនល្បុក្កតោ ជាសម្បត្តិរបស់បុព្វបុរសខ្មែរ និងរបស់ប្រជាពលរដ្ឋខ្មែរទាំងជាង ១៦លាននាក់ និងរបស់ប្រជាជនខ្មែរនៅជំនាន់ក្រោយៗរាប់លានទៀត ត្រូវថែរក្សាកេរ្តិ៍មរតកនេះ ហើយក៏ទុកឲ្យពិភពលោក និងមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាថែមទៀត។

 

 

ដូច្នេះ ការដាក់បញ្ចូលនេះ មានតម្លៃជាសាកលសម្រាប់កម្ពុជាយើងថែរក្សានូវក្បាច់គុនព្រលឹងជាតិ ឬក៏យើងហៅ ថែរក្សានូវមរតកដូនតាអង្គររបស់យើង»។​​«ខ្ញុំគិតថា មិនមែនតែខ្ញុំទេ លោកគ្រូតា និងអ្នកសកម្មទាំងអស់ ទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងខាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលបានខិតខំកន្លងមកពិតជាការលះបង់ នូវកម្លាំងកាយចិត្ត ពិតជាលះបង់នូវគំនិតបញ្ញា ពិតជាលះបង់នូវការតស៊ូក្រាញននៀល ក្នុងដំណើរឆ្ពោះទៅដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌនេះ។

 

 

 

ឯកឧត្តមបន្ថែមថា «បន្ទាប់ពីបានចូលជាបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិនេះ យើងនឹងត្រូវមានការងារធ្វើច្រើន។ យើងត្រូវមានការរួមគ្នាទាំងអស់គ្នាថែមទៀត ដើម្បីថែរក្សា និងអភិវឌ្ឍ អភិរក្សកីឡាអត្តសញ្ញាណជាតិ ដែលជាកេរដំណែលនៃដូនតាយើង ជាគុណតម្លៃសាកលនេះបន្ថែមទៀត។ យើងមានភារកិច្ចច្រើនទៀត ដែលត្រូវធ្វើ វាជាមហិច្ឆតារបស់យើង គឺយើងគ្រោងនឹងឆ្ពោះទៅធ្វើឲ្យសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ ឬក៏សកម្មភាពអប់រំ បង្កើតនូវកម្មវិធីអប់រំគុនល្បុក្កតោ នៅគ្រប់គ្រឹះស្ថានសិក្សា និងនៅគ្រប់វត្តអារាមទាំងអស់ ឲ្យបានជ្រួតជ្រាបពេញទូទាំងប្រទេស ហើយបញ្រ្ជាបទៅគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក ឲ្យស្គាល់ច្បាស់អំពីព្រលឹងនៃគុនល្បុក្កតោរបស់យើង ដែលមានគុណធម៌ល្អ មានសីលធម៌ល្អ ហើយជាការអប់រំកាយ ការអប់រំចិត្ត ដ៏ប្រពៃសម្រាប់មនុស្សជាតិរស់នៅលើផែនដីនេះ»៕

 

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025