ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

លំអិតពីការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី២៦ រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ បឹងកេត

២៤ ​វិច្ឆិកា ២០២២ | កីឡា

 

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាសប្តាហ៍ទី២៦នេះ អាចនឹងរកឃើញក្រុមឈ្នះជើងឯក រឺក៏អាចនឹងរកឃើញក្រុមដែលត្រូវអស់ឱកាសប្រជែងជើងឯកបន្ថែមទៀតផងដែរ ។ សំរាប់ថ្ងៃនេះ យើងនឹងលើកឡើងពីព័ត៌មានលំអិតពីការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយនឹង បឹងកេត ។ 

 

 

សំរាប់ព្រះខ័នរាជស្វាយរៀង ២៥ប្រកួតកន្លងមក ពួកគេឈ្នះ១៤ ស្មើ៤ ចាញ់៧ មាន៤៦ពិន្ទុ ។ ចំពោះការប្រកួតវគ្គ Top4 វិលជុំសន្សំពិន្ទុនេះ ៤ប្រកួតកន្លងមក ព្រះខ័នរាជស្វាយរៀងធ្វើពុំបានល្អឡើយ ដោយចាញ់ទាំង៤ប្រកួត ។ ដោយឡែកសំរាប់ការប្រកួតទល់នឹងបឹងកេតនេះ ពួកគេត្រូវការឈ្នះជាចាំបាច់ ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងពានលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២២នេះ ប្រសិនបើការប្រកួតនេះ ពួកគេចាញ់ រឺ ស្មើ នោះមានន័យថាព្រះខ័នរាជស្វាយរៀងអស់ឱកាសប្រជែងពានទៅហើយ ។

 

 

យើងងាកមកចាប់អារម្មណ៍កីឡាករសំខាន់ៗរបស់ព្រះខ័នរាជស្វាយរៀង រួមមានខ្សែប្រយុទ្ធ កាណាដា Marcus Haber ដែលបច្ចុប្បន្នស៊ុតបញ្ចូលទីបាន២៥គ្រាប់ ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Victor Blasco ដែលតែងតែបង្កើតឱកាស ហើយបច្ចុប្បន្នរូបគេក៏ស៊ុតបញ្ចូលទីបាន២គ្រាប់ផងដែរ និង ខ្សែបម្រើវ័យក្មេង មិន រតនៈ ដែលជាកីឡាករសំខាន់នៅតំបន់កណ្តាល ហើយក៏បានស៊ុតបញ្ចូលទីបាន ៦គ្រាប់ផងដែរ ។

 

 

ដោយឡែកសំរាប់បឹងកេតវិញ ២៥ប្រកួតកន្លងមក ពួកគេឈ្នះ១១ ស្មើ៦ ចាញ់៨ មាន៣៩ពិន្ទុ ។ បឹងកេត ក៏ធ្វើពុំសូវបានល្អដូចគ្នា នៅក្នុងវគ្គ Top4 នេះ ដោយប្រកួតក្នុងវគ្គ Top4 នេះ ពួកគេ ឈ្នះ១ ស្មើ១ ចាញ់២ ។ បឹងកេតបានអស់ឱកាសក្នុងការប្រជែងពានទៅហើយ ក្រោយដាច់ឆ្ងាយពីក្រុមកំពូលតារាងវិសាខា រហូតដល់ទៅ ១០ពិន្ទុឯណោះ ហើយការប្រកួតនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ ។

 

 

សំរាប់កីឡាករសំខាន់ៗរបស់បឹងកេត រួមមាន សៀវ ចន្ធា ដែលបច្ចុប្បន្នស៊ុតបញ្ចូលទីបាន ១០គ្រាប់ ឈរនៅកំពូលតារាងកីឡាករខ្មែរដែលស៊ុតបញ្ចូលទីច្រើនជាងគេ ខ្សែប្រយុទ្ធជនជាតិហ្វាំងឡង់ Sakari Tukiainen បច្ចុប្បន្នស៊ុតបញ្ចូលទីបាន១២គ្រាប់ និង កីឡាករ ម៉ាត់ នុរុណ បច្ចុប្បន្នក៏ស៊ុតបញ្ចូលទីបាន ៧គ្រាប់ផងដែរ ។ 

 

យើងងាកមកចាប់អារម្មណ៍ ពីការជួបគ្នា៤លើក នៅក្នុងលីគកំពូលកម្ពុជា ក្នុងរដូវកាលឆ្នាំ២០២២នេះ
កាលពីថ្ងៃទី ១៩ មិនា ព្រះខ័នរាជស្វាយរៀង ៤-០ បឹងកេត
កាលពីថ្ងៃទី ៩ កក្កដា បឹងកេត ០-១ ព្រះខ័នរាជស្វាយរៀង
កាលពីថ្ងៃទី ២៧ សីហា ព្រះខ័នរាជស្វាយរៀង ២-២ បឹងកេត
កាលពីថ្ងៃទី ២៩ តុលា បឹងកេត ២-១ ព្រះខ័នរាជស្វាយរៀង

 

សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី២៦ រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ បឹងកេត នឹងធ្វើឡើង នៅថ្ងៃទី ២៦ វិច្ឆិកា នាកីឡដ្ឋាន ខេត្តស្វាយរៀង វេលាម៉ោង ៦និង៣០នាទីល្ងាច ៕

 

 

រូបភាព និងអត្ថបទ៖ រ៉េត ស្តាលីន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024