ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការប្រកួតកីឡាគ្រិកឃីតក្នុងព្រឹត្តការណ៍កីឡាជាតិ បង្កើននូវគុណផលកីឡាការនីដែលបានចូលរួម

២៣ ​វិច្ឆិកា ២០២២ | កីឡា

 

ការប្រកួតកីឡាគ្រិកឃីត ក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី៣នេះ បានចាប់ផ្តើមបើកការប្រកួត ហើយ នៅទីលាននៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២វិច្ឆិកា កន្លងទៅនេះ ។ សំរាប់ការប្រកួតកីឡា គ្រីឃីត ក្នុងព្រឹត្តការណ៍កីឡាជាតិ ឆ្នាំ២០២២នេះ បានដាក់ការប្រកួតតែផ្នែកនារីប៉ុណ្ណោះ ដោយរំពឹងថាគុណផលរបស់កីឡាការនីទាំងអស់ដែលបានចូលរួម នឹងកាន់តែរីកចំរើន ហើយ ក៏ជាឱកាសមួយក្នុងការដុះខាត់សមត្ថភាពរបស់ពួកគេ ដើម្បីចំរាញ់រកកីឡាករនីឆ្នើមៗចូលក្នុងក្រុមជំរើសជាតិ ឆ្ពោះទៅការដណ្តើមេដាយក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

 

 

អំឡុងបើកការប្រកួត នៅទីលានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោក Sharma Manish ប្រធានបច្ចេកទេស នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានអោយដឹងយ៉ាងដូច្នេះ ៖

លោក Sharma Manish ប្រធានបច្ចេកទេសសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ៖ គំរោងដើមគឺការប្រកួតចំនួន២ថ្ងៃ ប៉ុន្តែព្រឹកមិញដូចអស់លោកឃើញហើយ ដោយមានការរំខានដោយសារភ្លៀង ដូច្នេះប្រហែលផែនការហ្នឹងអាចលើកទៅ៣ថ្ងៃ ហើយឥឡូវហ្នឹងកីឡាការនីរបស់យើងលេងបានល្អ ហើយមានការរំភើបចិត្ត ដែលពួកគាត់សប្បាយនឹងលេងកីឡានេះ ។

 

 

ហើយជាដំបូងក៏សូមអរគុណដល់ក្រសួងអប់រំយុវជន និង កីឡា ដែលអនុញ្ញាត្តិអោយសហព័ន្ធកីឡាគ្រិកឃីត ដាក់បញ្ចូលទៅក្នុងកីឡាជាតិលើកទី៣នេះ ហើយដោយសារតែយើងមានពេលវេលាតិច ក្នុងការដាក់បញ្ចូល ដូច្នេះយើងបានតែយកក្រុមនារី កីឡាការនីមកទេ ដែលយើងមានទាំងអស់ចំនួន៤ក្រុម ដែលមកពីខេត្តកំពង់ធំ សៀមរាប កណ្តាល និង ភ្នំពេញ ដែលសរុបកីឡាការនីទាំងអស់ចំនួន៦០នាក់ ការចាប់ផ្តើមដោយសារតែយើងមានពេលវេលាខ្លី តែ៣ ៤ខែទេ ដំបូងគឺពិបាកមែននៅក្នុងការប្រមូលកីឡាការនីហើយបង្ហាត់កីឡាការនីហ្នឹង ក៏ប៉ុន្តែដល់ពេលយើងឃើញសមិទ្ធផលនៅថ្ងៃនេះ យើងឃើញថា កីឡាការនីទាំងអស់នេះខិតខំប្រឹងប្រែងហ្វឹកហាត់ល្អ ហើយលេងបានល្អមែនទែន នេះគឺជាមោទនភាពមួយ យើងសង្ឃឹមថា នៅក្រោយការប្រកួតកីឡាជាតិលើកទី៣នេះ យើងនឹងអាចរើសបានក្រុមជំរើសជាតិ ដែលអាចឈានទៅដល់ស៊ីហ្គេមបាន ។

 

 

ដូចអស់លោកឃើញពីក្រោយខ្នងនេះ មានសំលេងហ៊ោកញ្ជ្រៀវ បានន័យថាកីឡាការនីទាំងអស់គាត់សប្បាយចិត្តណាស់ ហើយយើងឃើញហើយថាមានការវិវឌ្ឍឡើងខ្ពស់ យើងសង្ឃឹមថាការរៀបចំរបស់យើងបានរលូន ហើយយើងសង្ឃឹមថាយើងអាច ឈានទៅរកមេដាយនៅក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំក្រោយនេះ ។  សូមបញ្ជាក់ថាការប្រកួតកីឡាគ្រិកឃីតក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី៣នេះ មានក្រុមចូលរួមចំនួន៤ ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកណ្តាល និង ខេត្តសៀមរាប ដែលសរុបកីឡាការនីទាំងអស់មានចំនួន៦០នាក់ ៕

 

 

 

អត្ថបទ  និងរូបភាព ៖  រ៉េត  ស្តាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024