ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

នាយរងបេសកកម្មខេត្តតាកែវប្តេជ្ញាប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពនិងគោរពបទបញ្ជាបច្ចេកទេស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣

២៣ ​វិច្ឆិកា ២០២២ | កីឡា

 

លោក ឡាយ សែម ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ទទួលបន្ទុកនាយរងបេសកកម្មខេត្តតាកែវសម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញឲ្យក្រុមកីឡាករ កីឡាការិនីប្រកួតអស់ពីសមត្ថភាព និងឈរលើស្មារតីកីឡា លេងដោយយុត្តិធម៌ ដើម្បីរួមចំណែកជំរុញឲ្យការរៀបចំកីឡាជាតិ លើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេម លើកទី១ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២បានដំណើរការដោយរលូន និងជោគជ័យ។

 

 

លោកនាយរងបេសកកម្មរូបនេះគូសបញ្ជាក់ទៀតថា ខេត្តតាកែងបានបញ្ជូនប្រតិភូ គ្រូបង្វឹក ២៦នាក់ និងកីឡាករ កីឡាការិនី ១៤៨នាក់លើ៨ប្រភេទកីឡាចូលរួមប្រកួតប្រជែងមេដាយកីឡាជាតិ លើកទី៣នេះ។ ខេត្តតាកែវមានប្រភេទកីឡាមួយចំនួនក៏មានសក្តានុពលច្រើនដែរ ដូចជាតេក្វាន់ដូ ITF ប៉េតង់ជាដើម។ «ជាឆន្ទៈ និងគោលដៅ គឺក្រុមកីឡាករ កីឡាការិនីខេត្តតែងតែខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព បើទោះបីជាចាញ់ ឬឈ្នះក៏ដោយ ក៏ក្រុមខេត្តតាកែងឈរលើស្មារតីកីឡា លេងដោយយុត្តិធម៌ ក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកឲ្យព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះទទួលបានជោគជ័យ ខណៈគោលដៅចម្បងនៃកីឡាជាតិ គឺដើម្បីឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»។

 

 

បន្ថែមពីលើនេះ លោក ឡាយ សែម អះអាងថា នៅមុនពេលចេញដំណើរ ក៏ដូចជានៅក្នុងអំឡុងពេលកំពុងប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ លោក និងថ្នាក់ដឹកនាំតែងតែបានណែនាំដល់កីឡាករ កីឡាការិនីគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ខ្ពស់ ចូលរួមប្រយុទ្ធប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា «ដូប៉ា» ក៏ដូចជាគោរពបទបញ្ជាការប្រកួត គោលការណ៍ Fair Play និងការណែនាំរបស់គណៈកម្មការបច្ចេកទេសឲ្យបានល្អប្រសើរ ដើម្បីមុខមាត់កិត្តិយសខេត្ត ជាពិសេសគឺដើម្បីរួមគ្នាជំរុញឲ្យព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សម្រួចគោលដៅឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស៊ីហ្គេម ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ។

 

 

«ចំពោះផ្នែកដឹកជញ្ជូន ការស្នាក់សណ្ឋាគារ និងការហូបចុកជាដើមនោះ គឺមានលក្ខណៈប្រសើរ មិនមានអ្វីចោទជាបញ្ហានោះទេ ដែលធ្វើយើងខ្ញុំទទួលយកបាន»។ លោកលើកឡើងថា បើប្រៀបធៀបនឹងការប្រកួតកីឡាជាតិលើកទី២ កាលពីឆ្នាំ២០១៨ និងកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ទាំងរបៀបរៀបចំ ការប្រកួតជាដើម គឺកាន់តែល្អប្រសើរ ពិធីបើកកីឡាជាតិ ជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាអស្ចារ្យរំភើបរីករាយខ្លាំងណាស់។

 

 

ជាចុងក្រោយ ក្នុងនាមប្រតិភូដឹកនាំកីឡាខេត្តតាកែវ លោក ឡាយ សែម បានបង្ហាញនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដែលផ្តល់ការឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់ក្រុមប្រតិភូកីឡាខេត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះក៏អរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា និងដៃគូសហការ ដែលបានខិតខំខ្នះខ្នែងយកចិត្តទុកដាក់ខ្ពស់រៀបចំកីឡាជាតិ លើកទី៣ដំណើរការដោយរលូនជាបន្តបន្ទាប់ ហើយជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងទទួលបានលទ្ធផលល្អ ដើម្បីសម្រួចគោលដៅឆ្ពោះទៅ ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ផងដែរ៕

 

 

 

អត្ថបទ  និងរូបភាព ៖  ប៉ុន  សុភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024