ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

នាយរងបេសកកម្មខេត្តកណ្តាលប្តេជ្ញាប្រជែងមេដាយឲ្យបានច្រើន ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២

២១ ​វិច្ឆិកា ២០២២ | កីឡា

 

លោក ពៅ វណ្ណា នាយរងបេសកកម្មខេត្តកណ្តាលបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតលើប្រភេទកីឡាមួយចំនួន នៅថ្ងៃដំបូងនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមកីឡាករ កីឡាការិនីខេត្តកណ្តាលមានឆន្ទៈខ្ពស់ ក្នុងការខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងមេដាយជូនខេត្តឲ្យបានច្រើន ជាពិសេសយ៉ាងហោចណាស់ គឺត្រូវការពារចំណាត់ថ្នាក់លេខ៤ ដូចកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ និងកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ក្នុងចំណោមចំណាត់ថ្នាក់២៥រាជធានី-ខេត្ត និង៣ក្រសួង។

 

នាយរងបេសកកម្មរូបនេះអះអាងថា ខេត្តកណ្តាលបានបញ្ជូនកីឡាករ កីឡាការិនីចំនួន៣៥ប្រភេទកីឡា រួមទាំង៥ប្រភេទកីឡាប៉ារ៉ាឡាំពិក (សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ៣៥៧នាក់) ដោយចំនួនប្រភេទកីឡាជាច្រើននេះ លោកជឿជាក់ថា ខេត្តកណ្តាលនឹងទទួលបានលទ្ធផលល្អ ក្នុងកីឡាជាតិ លើកទី៣នេះ ជាក់ជាមិនខាន។

 

 

លោក ពៅ វណ្ណា បានអះអាងយ៉ាងដូច្នេះថា «ខេត្តកណ្តាល ឆ្នាំនេះមានមោទនភាពខ្លាំងណាស់ ក្នុងការបញ្ជូនប្រភេទកីឡាច្រើន ជាពិសេសប្រភេទកីឡាជនពិការចំនួន៤ប្រភេទកីឡា។ មុនពេលចេញដំណើរមកបំពេញបេសកកម្មក្នុងកីឡាជាតិនេះ ក្រុមប្រតិភូកីឡាខេត្តកណ្តាលទទួលបានការផ្តាំផ្ញើ លើកទឹកចិត្តពីឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលឲ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រជែងមេដាយជូនខេត្ត។

 

 

អ្វីដែលសំខាន់បំផុត ឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យយើងខិតខំគោរពឲ្យបានជាដាច់ខាតនូវបទបញ្ជាការប្រកួត វិន័យ ក្រមសីលធម៌ ព្រមទាំងការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតឲ្យបានល្អប្រសើរ ដើម្បីរួមចំណែកឲ្យព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដើម្បីគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យផងដែរ»។

 

 

លោកបន្ថែមថា ឯកឧត្តមអភិបាលខេត្តកណ្តាលនឹងផ្តល់ការលើកទឹកចិត្តដោយមេដាយមាស១គ្រឿង ជូនប្រាក់រង្វាន់ ៣០០ដុល្លារ មេដាយប្រាក់ ២០០ដុល្លារ និងមេដាយសំរឹទ្ធ ១៥០ដុល្លារ។ មុនពេលចេញដំណើរ ឯកឧត្តមក៏បានផ្តល់ការលើកទឹកចិត្ត ក្នុងម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។

 

 

«ចំពោះការទទួលបដិសណ្ឋារកិច្ច ការហូបចុកស្នាក់នៅ និងដឹកជញ្ជូន គឺក្រសួងអប់រំ យុវជន និងកីឡាមានការយកចិត្តទុកដាក់ខ្ពស់ជូនដល់ប្រតិភូកីឡារាជធានីខេត្ត និង៣ក្រសួងបានយ៉ាងល្អប្រសើរ។ ក្នុងនាមប្រតិភូដឹកនាំខេត្តកណ្តាល យើងខ្ញុំបានប្រជុំណែនាំដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ចាំបាច់ត្រូវគោរពតាមបទបញ្ជាការប្រកួត និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅតាមប្រភេទកីឡានីមួយៗ ជាពិសេសគឺការចូលរួមប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ ដូប៉ា ឲ្យបាន ដើម្បីរួមគ្នាលើកស្ទួយមុខមាត់ កិត្តិយសខេត្ត ក៏ដូចជាព្រឹត្តិការណ៍កីឡាជាតិទាំងមូលផងដែរ៕

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024