ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ មហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ស្វាគមន៍យុវជនមកពី១៣ប្រទេសក្នុងតំបន់អាស៊ីចុងខែនេះ!

២១ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

 

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ឆ្នាំ២០២២ លើកទី៦ ត្រៀមស្វាគមន៍យុវជនមកពី ១៣ប្រទេសក្នុងតំបន់អាស៊ី នៅចុងខែនេះ លើទឹកដីអង្គរ ខេត្តសៀមរាប។

 

មហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ឆ្នាំ២០២២ លើកទី៦ នឹងត្រូវរៀបចំឡើងលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមស្វាគមន៍យុវជនមកពី ១៣ប្រទេសក្នុងតំបន់អាស៊ី។ 


មុនព្រឹត្តិការណ៍ដ៏ធំសម្បើមនេះត្រូវប្រារព្ធឡើងលើទឹកដីអង្គរ នៅចុងខែនេះ អង្គការសកម្មភាពសិល្បៈខ្មែរ ជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយកាលពីចុងសប្តាហ៍កន្លងទៅ ថែមទាំងបានបង្ហាញទម្រង់សិល្បៈជាច្រើនដូចជា ល្ខោនយីកេ របាំបាចផ្កា ចាប៉ីដងវែង និងសម្ដែងក្បាច់គុនល្បុកត្ដោ។

 

 

លោក សួង សុភ័ក្ដ្រ ប្រធានអង្គការសកម្មភាពសិល្បៈខ្មែរ និងជាអ្នករៀបចំ មហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី លើកទី៦ (ASIAN YOUTH THEATRE FESTIVAL 22) ថ្លែងឱ្យដឹងថា នេះជាផ្នែកមួយនៃមោទកភាពជាតិ ព្រោះកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះរៀបចំមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ដោយផ្ទាល់ និងជាលើកដំបូង បន្ទាប់ពីមហោស្រពបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ជាក់ស្តែង ការរៀបចំលើកទី៥ ត្រូវបានធ្វើឡើងនៅទឹកដីប្រទេសហ្វីលីពីន តាមប្រព័ន្ធឌីជីថល Zoom។

 


លោកបន្តថា នេះជាឱកាសល្អសម្រាប់កម្ពុជា ដោយយើងអាចបង្ហាញវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់ខ្មែរយើងទៅកាន់ពិភពលោកតាមរយៈសិល្បករដែលមកសម្តែងនៅកម្ពុជា។ គោលបំណងរបស់មហោស្រពនេះ គឺដើម្បីចែករំលែកផ្លាស់ប្ដូរគ្នានូវទម្រង់សិល្បៈវប្បធម៌ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីឱ្យបន្តការអភិវឌ្ឍ និងការអនុវត្តវិស័យល្ខោនអប់រំក្នុងតំបន់។

 

 

ក្រុមយុវជនសិល្បករ-សិល្បការិនីមកពី១៣ប្រទេសក្នុងតំបន់អាស៊ី នឹងមកចូលរួមមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ឆ្នាំ២០២២ លើកទី៦ ប៉ុន្តែ ២ប្រទេស នឹងចូលរួមតាមរយៈកម្មវិធី Zoom។ សិល្បករ-សិល្បការិនី នឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីទំនៀមទំលាប់រស់របស់ប្រជាជនខ្មែរនៅក្នុងភូមិព្រះដាក់ ថែមទាំងមានកម្មវិធីវិប្សនានៅលើភ្នំគូលែន ដើម្បីស្វែងរកសន្តិភាពផ្លូវចិត្ត ដែលកម្មវិធីប្លែកមិនធ្លាប់មានពីមុនឡើយ។ 

 


ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាយើងសម្តែងផ្ទាំងទស្សនីយភាពសិល្បៈចំនួន ៦ ក្នុងចំណោម ១៩ ទម្រង់សិល្បៈផ្សេងទៀត ដើម្បីសម្ដែងជូនឱ្យមហាជនចូលរួមទស្សនាដោយសេរីនៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្នុងទីតាំងវប្បធម៌សំខាន់ៗចំនួន ៤កន្លែងដូចជា សាលាហ្វាពន្លឺសិល្បៈ, ផ្សារទំនើប Heritage Walk, ភូមិព្រះដាក់ និងភ្នំគូលែន៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024