ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

លោក មាស សំអឿន បញ្ជាក់ពីស្ថានភាពកូនក្រុមអគ្គិសនីបច្ចុប្បន្ន

២៥ មិថុនា ២០២០ | កីឡា

មិនខុសពីគូប្រជែងឯទៀតនៅលីគកំពូលកម្ពុជា កីឡាករក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក៏មានការធ្លាក់ចុះកម្លាំង, កាយសម្បទា និងបច្ចេកទេសដែរ ប៉ុន្តែលោក មាស សំអឿន ជាគ្រូបង្គោលនឹងព្យាយាមប្រើពេលសេសសល់ស្ដារអ្វីដែលបាត់បង់ឲ្យប្រសើរឡើងវិញ។

 


គ្រូបង្វឹកក្រុមតំណាងអង្គភាពអគ្គិសនីស្វ័យតខាងលើសង្កត់ធ្ងន់ថា កម្លាំង និងកាយសម្បទារបស់កូនក្រុមកើនឡើងមកវិញ៨០ភាគរយហើយ តែចំពោះការយល់ចិត្តក្នុងក្រុមត្រូវការពង្រឹងខ្លាំងបន្ថែមទៀត ព្រោះកន្លងមកបានតែសមគ្នាឯង និងប្រកួតជាមួយក្រុមផ្សេងបានតែពីរលើក។

 


«កម្លាំង និងកាយសម្បទាឥឡូវបាន៧០ទៅ៨០ភាគរយហើយ នៅតែការសហការគ្នា ដូចជាការប៉ះបាល់អ៊ីចឹងមិនទាន់បានល្អទេ ព្រោះកន្លងមកយើងហាត់ និងសមតែគ្នាឯង។ ម្យ៉ាងយើងសុំថ្នាក់លើសមជើងជាមួយក្រុមផ្សេងបានតែពីរប្រកួត ព្រោះគាត់បារម្ភពីការឆ្លងអ៊ីចឹងទៅ គាត់ឲ្យតែពីរប្រកួតទេ។ យើងនឹងព្យាយាមប្រើពេលសេសសល់ស្ដារអ្វីដែលបាត់បង់ឲ្យប្រសើរឡើងវិញ»។


លោក មាស សំអឿន បន្ថែមថា អំឡុងការផ្អាកហ្វឹកហាត់ជាទ្រង់ទ្រាយធំ កូនក្រុមរបស់លោកពុំមានជួបជុំគ្នាលក្ខណៈតូចៗបានពេញលេញទេ ព្រោះកីឡាករមួយចំនួនដែលមកពីតាមបណ្ដាខេត្ត ត្រូវបានឪពុកម្ដាយ ហៅត្រលប់ទៅផ្ទះវិញកាលជំងឺកូវីដ១៩មិនទាន់ថមថយ។

 


គួរដឹងដែរថា មុនការផ្អាក Metfone Cambodian League 2020 បណ្ដោះអាសន្ន អគ្គិសនីកម្ពុជាឆ្លងកាត់ការប្រកួត៤លើក ដោយឈ្នះមួយ ស្មើមួយ និងចាញ់ពីរ មាន៤ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៩។ ពួកគេនឹងផ្ដើមប្រកួតជាថ្មី ដោយទទួលភ្ញៀវអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024