ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

PNN ពង្រីកសក្កានុពលកាន់តែខ្លាំងក្នុងឆ្នាំ២០២៣ បើធៀបនិងឆ្នាំកន្លងទៅ

០៣ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

តាមរយៈការបើកបង្ហាញក្នុងព្រឹត្តិការណ៍ PNN Showcase 2023 បង្ហាញឱ្យឃើញថា PNN ពង្រីកសក្កានុពលកាន់តែខ្លាំងក្នុងឆ្នាំ២០២៣ បើធៀបនិងឆ្នាំកន្លងទៅ។PNN Showcase 2023 ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ទំនើប PNN បានប្រារព្ធឡើងយ៉ាងជោគជ័យបំផុត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ PNN សិល្បករ-សិល្បការនីល្បីៗ រួមទាំងអតិថិជនគ្រប់ផ្នែកដែលបានកំពុងសហការឧបត្ថម្ភជាមួយ PNN យ៉ាងច្រើនកុះករ។

 


ព្រឹត្តិការន៍ដ៏ធំនេះត្រូវប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីសមិទ្ធិផលក្នុងការផលិត និងការនាំយកនូវកម្មវិធីកម្សាន្ត និងភាពយន្តភាគល្បីៗ ព្រមទាំងកម្មវិធីព័ត៌មានដែលចេញពីប្រភពច្បាស់លាស់ទុកចិត្តបាន។ ក្នុងនោះ ភាពយន្តភាគខ្មែរធំៗមួយចំនួនដែលនឹងត្រូវចាក់ផ្សាយនៅឆ្នាំ២០២៣នេះរួមមាន រឿង «លួចស្នេហ៍គូដណ្តឹង» រឿង «សង្គ្រាមមហិច្ឆតា» រឿង «រងើកភ្លើងអនឡាញ» រឿង «កូនចៅក្លែងកាយ ចៅហ្វាយកំពូលកូរ» និងរឿង «បុព្វេនិមិ្មត» ជាដើម។

 

 

ដោយឡែក សម្រាប់កម្មវិធីកម្សាន្ត និងកម្មវីធីតន្ត្រី បច្ចុប្បន្ននេះក៏បានធ្វើឱ្យទស្សនិកជនរីករាយ ទទួលបានចំណេះដឹងថ្មីៗ ការអប់រំល្អៗ ដែលមានដូចជាកម្មវិធី «Freshy Winner» «តូចខ្លឹមខ្លាំង» «កម្មវិធីប្រដាល់ Ganzberg OneStrike» «អ្នកជិតខាង» «គ្រួសាររីករាយ» រីឯកម្មវិធីតន្ត្រីរួមមាន កម្មវិធី «Boostrong Gold Medal Concert 2022» «តន្ត្រី Freshy Happy Concert» និងតន្ត្រី «Gazberg Uber Concert»។

 


មិនត្រឹមតែប៉ុណ្ណោះកម្មវិធីកំប្លែងចំនួនបីដែលកំពុងតែដំណើរការចាក់ផ្សាយដូចគ្នានិងកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងដែរនោះរួមមានកម្មវីធី «ល្អមើល ល្អសើច»  «ផ្ទះលេខ១  ផ្ទះលេខ២»  «១៦៨យប់» ដែលតែងតែបម្រើអារម្មណ៍ទស្សនិកជននៅរៀងរាល់ចុងសប្តាហ៍។ មិនទាន់អស់នៅឡើយទេ កម្មវិធីកម្សាន្តថ្មីមួយចំនួនដែលទើបតែដំណើរការផ្សាយ និងកំពុងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដែរនោះគឺកម្មវិធី «The Wall Song» ដែលជាកម្មវិធីល្បីមួយនៅឯប្រទេសថៃ និងទទួលបានសិទ្ធក្នុងការផលិតបន្តចំនួន៤ប្រទេសមកហើយ រួមមាន ប្រទេសហូឡង់ ប្រេស៊ីល វៀណាម និងប្រទេសកម្ពុជាតាមរយៈស្ថានីយទូរទស្សន៍ ភីអិនអិន ផ្ទាល់តែម្តង។

 


ងាកមកកម្មវិធីព័ត៌មានវិញនោះ នៅឆ្នាំ២០២៣ខាងមុខនេះ ក៏នឹងមានកម្មវិធីថ្មីៗជាច្រើនបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីឱ្យទស្សនិកជនទទួលបានព្រឹត្តិការណ៍ព័ត៌មានសម្បូរបែបថែមទៀត មិនថាទាំងក្នុងឬក្រៅប្រទេស។ កាន់តែពិសេសទៀតនោះ ភីអិនអិន បានបង្ហើបឱ្យ ដឹងផងដែរថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានវត្តមាននៃកម្មវិធីទូរស័ព្ទដៃ (Mobile App) ដែលមានឈ្មោះថា  PNN PLUS ដែលនឹងធ្វើអោយទស្សនិកជនកាន់តែមានភាពងាយស្រួលក្នុងការទស្សនាកម្មវិធីផ្សាយរបស់ភីអិនអិន បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

 


តាមរយៈភាពសម្បូរបែបដែល PNN បើកបង្ហាញ សបញ្ជាក់ឱ្យឃើញថា PNN ជាស្ថានីយឈានមុខគេមួយនៅកម្ពុជា ដែលនៅតែបន្តរក្សាជំហរ និងពង្រឹងគុណភាពកាន់តែខ្លាំងសម្រាប់ការផលិតភាគយន្តភាគក្នុងស្រុក ការនាំយកភាពយន្តភាគបរទេសល្អៗ ព្រមទាំងកម្មវិធីកម្សាន្តល្បីៗ ដែលនឹងមិនធ្វើឱ្យទស្សនិកជនខកបំណងទេ បើធៀបនិងឆ្នាំកន្លងទៅ។ 

 

 

សូមជម្រាបថា ចាប់តាំងពីដំណើរការផ្សាយនៅពាក់កណ្តាលឆ្នាំ២០១៥រហូតមកដល់ពេលនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន ត្រូវបានចាត់ទុកថាជាស្ថានីយដ៏ទំនើប និងឈានមុខគេមួយ ទាំងបច្ចេកទេស ទាំងការផលិតភាពយន្តភាគខ្មែរ ផលិតកម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាព និងការនាំយកនូវរឿងភាគបរទេសល្អៗមានទាំងរឿងថៃ រឿងចិន រួមទាំងកម្មវិធីល្បីៗជុំវិញពិភពលោក មកចែកជូនជាទស្សនីយភាពក៏ជក់ចិត្ត មានគ្រប់រសជាតិសម្រាប់ទស្សនិកជន។ យើងខ្ញុំដែលជាថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកនៃស្ថានីយទូរទស្សន៍ ភីអិនអិន នឹងរិះរកនូវយុទ្ធសាស្ត្រល្អៗ គំនិតថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន មិនអោយខកបំណងឡើយ៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024