ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥

នាយ ព្រែក និង យ៉ែម ស្រីពេជ្រ ចាប់ដៃគ្នាលើកដំបូង ក្នុងកម្មវិធីថ្មីមួយរបស់ PNN

១៨ កញ្ញា ២០២១ | កម្សាន្ដ


តារាល្បីឈ្មោះកញ្ញា យ៉ែម ស្រីពេជ្រ និងនាយ ព្រែក បានចាប់ដៃគូគ្នាលើកដំបូង ក្នុងកម្មវិធីថ្មីរបស់ PNN  «អ្នកជិតខាង - The Neighbor»ដែលកម្មវិធីនេះនឹងពាំនាំភាពសប្បាយរីករាយ និងរឿងរ៉ាវជុំវិញរង្វង់សិល្បៈមកផ្តល់សំណើច និងភាពសប្បាយរីករាយដល់ទស្សនិកជនបានទស្សនា ឆាប់ៗនេះ។

 


តារាសម្ដែងល្បីឈ្មោះកញ្ញា យ៉ែម ស្រីពេជ្រ និងពិធីករពូកែវោហារសព្ទ នាយ ព្រែក បានចាប់ដៃគូគ្នាលើកដំបូងក្នុងកម្មវិធីថ្មីមួយរបស់ PNN គឺកម្មវិធី "អ្នកជិតខាង" ដែលត្រៀមនឹងបង្ហាញវត្តមានផ្លូវការលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗ។

 

 

ពិធីករ ពិធីការិនីទាំងពីររូបបានបង្ហាញពីភាពរីករាយនៅពេលពួកគេបានក្លាយជាចំណែកមួយនៃកម្មវិធីថ្មីសន្លាងមួយនេះ។

 


កម្មវិធី «អ្នកជិតខាង» ជាកម្មវិធីថ្មីសន្លាងមួយដែលស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន ទើបបង្កើតឡើង នឹងត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដើម្បីបម្រើអារម្មណ៍ និងការកម្សាន្តរបស់ទស្សនិកជននាពេលឆាប់ៗនេះ។

 


កម្មវិធី «អ្នកជិតខាង» ជាកាដូចុងឆ្នាំរបស់ភីអិនអិនទស្សនិកជន។ កម្មវិធីថ្មីនេះ នឹងផ្តល់ភាពសប្បាយរីករាយជូនដល់ទស្សនិកជន តាមរយៈពីធីករ ពិធីការនី ពោរពេញដោយទេពកោសល្យ និងវោហាសព្ទមិនចេះរីងស្ងួត ពិសេសជាងនេះ កម្មវិធីថ្មីនេះ នឹងនាំលោកអ្នកទៅដឹងឮរឿងរ៉ាវជាច្រើនជុំវិញវិស័យសិល្បៈខ្មែរ មិនថារឿងការងារសិល្បៈ និងរឿងជីវិតឯកជន។ 

 


កម្មវិធីនេះក៏នឹងមានតារាកត្តិយសថ្មីៗរៀងរាល់សប្តាហ៍ នឹងមកបង្កបរិយាកាសញ៉ាំងឲ្យកម្មវិធីឲ្យកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។ បន្ថែមពីលើនោះ ក៏មានការលេងល្បែងកម្សាន្ត ការសម្តែងផ្សេងៗថែមទៀតផងដែរ។

 


ក្នុងកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធីសិល្បៈកម្សាន្តកាលពីសប្តាហ៍កន្លងទៅ លោក Romeo ផលិតករកម្មវិធី «អ្នកជិតខាង - The Neighbor» ឲ្យដឹងពីហេតុផលដែលជ្រើសរើសតារាសម្តែងស្រីកញ្ញា យ៉ែម ស្រីពេជ្រ និងនាយព្រែក មកធ្វើជាពីធីករ ពិធីការនី ថា៖ «ការសម្រេចជ្រើសយកអ្នកទាំងពីរមកធ្វើកម្មវីធីនេះ ដោយសារតែកញ្ញា ស្រីពេជ្រ គឺជាតារាសម្តែងមួយរូបដែលធ្លាប់តែសម្តែងបែបឆ្នាស់ឆ្នើមជាដើម ប៉ុន្តែសម្រាប់ចរឹតលក្ខណៈនៅខាងក្រៅវិញកញ្ញាជាមនុស្សម្នាក់ដែលពូកែលេងសើច ចូលចិត្តនិយាយបែបកំប្លែងច្រើន ម្យ៉ាងគួបផ្សំនិងបទពិសោធន៍កន្លងមកដែលកញ្ញាធ្លាប់ធ្វើជាពិធីការនីផងនោះទើបធ្វើអោយលោកសម្រេចចិត្តជ្រើសយកកញ្ញាមកដំណើរការកម្មវិធីថ្មីនេះ»។

 

 

ចំណែកនាយព្រែកវិញនោះគឺ «ព្រោះតែនាយព្រែកជាតារាល្បីមួយរូបស្រាប់ និងមានភាពប៉ិនប្រសប់ខាងផ្នែកកំប្លែង ដូច្នេះហើយទើបសម្រេចចិត្តជ្រើសយកអ្នកទាំងពីរមកដំណើរការកម្មវិធីថ្មីសន្លាងមួយនេះរួមគ្នា ហើយលោកក៏បានដាក់ក្តីសង្ឃឹមខ្លាំងលើសមត្ថភាពអ្នកទាំងពីរថានឹងអាចធ្វើបានល្អ»។

 


កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «អ្នកជិតខាង - The Neighbor» លើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិននាពេលឆាប់ៗនេះ។ លោកអ្នកក៏អាចតាមដានពត៌មានលម្អិតរបស់កម្មវិធី «អ្នកជិតខាង - The Neighbor» លើទំព័រហ្វេសប៊ុកផ្លូវការ @អ្នកជិតខាង - The Neighbor។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025